(ភ្នំពេញ)៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ បានកំពុងបើកការសាកសួរលើ ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ ទាំង៣នាក់ ដែលពាក់ព័ន្ធនឹងអំពើពុករលួយ។

មន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ក្នុងនោះរួមមាន៖ *ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, *ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់, *និងទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្រ្តីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ៕