ពេញមួយថ្ងៃ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បាន៤ករណីនៅទូទាំងប្រទេស និងបំផ្លាញរថយន្ដ៦គ្រឿង (Video inside)
30-07-2019 21:21
(ភ្នំពេញ)៖ ពេញមួយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចំនួន៤ករណី នៅទូទាំងប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានដកហូត រណាយន្ដ២គ្រឿង និងដុតបំផ្លាញ រថយន្ដបាកុងដែលជាមធ្យោបាយដឹកជញ្ជូនឈើ ចំនួន៦គ្រឿងទៀតផងដែរ។
បើតាមលោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី ក្រៅពីបង្ក្រាប និងដុតបំផ្លាញមធ្យោបាយ សមត្ថកិច្ចក៏ដកហូតបាន ឈើរាជកុលចំនួន ០៥កំណាត់, ឈើចម្រុះប្រវែង ០,៤៧៨ម៉ែត្រគូប, ឈើមិនទាន់វាស់វែង ដែលប្រតិបត្តិការនេះធ្វើនៅខេត្តកំពង់ស្ពឺ, ព្រះវិហារ, ពោធិ៍សាត់ និងខេត្តកោះកុង។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ០២លើក មានច្បាប់០៥ទីតាំង, អត់ច្បាប់០៩ទីតាំង នៅខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ លើសពីនេះ ក៏បានបង្ក្រាបករណីទន្ទ្រានដីខុសច្បាប់០១លើក ចាប់យកបានអេស្កាវ៉ាទ័រ០២គ្រឿង នៅខេត្តកំពង់ធំ៕