(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលរកឯកអគ្គរដ្ឋទូតម្នាក់ធ្វើការមិនបានអស់រយៈពេលជាច្រើនខែមកហើយនោះ បានសរសេរសារដ៏ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយលើបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ថា ដោយបានរំលឹកនូវព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជាកាលពីមួយឆ្នាំមុន និងបានចោទប្រកាន់ថា ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ។
ស្ថានទូតប្រទេសដែលចូលចិត្តធ្វើការងារមិនស្គាល់ដែនសមត្ថកិច្ចការងារខ្លួន និងជ្រៀតជ្រែកដែនអធិបតេយ្យភាពរបស់កម្ពុជាមួយនេះ បានហៅការបោះឆ្នោតកាលពីឆ្នាំកន្លងទៅនេះថា បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក។
ការលើកឡើងរបស់ស្ថានទូតដែលគ្មានក្បាលម៉ាស៊ីនចាត់ចែងការងារនេះ ពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះសម្តីនេះប្រៀបដូចមនុស្សប្រឹងធ្មិចភ្នែកនៅកន្លែងភ្លឺ ហើយជារឿងគួរឱ្យអស់សំណើចណាស់ពីសំណាក់ពលរដ្ឋកម្ពុជា ជាពិសេសម្ចាស់ឆ្នោតដែលបានទៅចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៨ ពីព្រោះធ្វើដល់ស្ថានទូតមួយតំណាងឱ្យអាមេរិចទាំងមូលបែរជាសំដែងធ្វើឆោតវ៉ៃស្គរវ៉ៃប៉ោតបម្រើឱ្យបក្សប្រឆាំងដែលរលាយដោយច្បាប់បរាជ័យក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌ហើយមានទោសរត់ចោលស្រុកទៅវិញ។
តើស្ថានទូតនៃប្រទេសមហាអំណាចអាមេរិក មិនស្គាល់ពីច្បាប់ការទូត ឬដឹងហើយធ្វើពើជាមិនដឹង? ស្ថានទូតអាមេរិចអើយ កុំដើរតួរជាកម្ពុជាជាងកម្ពុជា ជាងប្រជាជនកម្ពុជា ជាងម្ចាស់ឆ្នោតដែលបានទៅបោះឆ្នោតប្រកបដោយភាពជឿជាក់!
ប្រជាជនកម្ពុជាគ្មានអ្នកណាទៅជឿអស់លោកទៀតទេ ប្រជាជនកម្ពុជាជាម្ចាស់វាសនាប្រទេសបានដឹង និងឃើញច្បាស់ណាស់ថា ប្រទេសកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ភាពប្រកួតប្រជែងផ្នែកនយោបាយត្រូវបានពង្រីក ហើយការបោះឆ្នោតត្រូវបានគេរៀបចំធ្វើជាទៀងទាត់ ចាប់តាំងពី ឆ្នាំ១៩៩៣។
ថ្មីៗនេះប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រកបដោយជោគជ័យ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលមាន ១២គណបក្ស បានចូលរួមការបោះឆ្នោត និងមានអ្នកបោះឆ្នោតចំនួន ៧,៨លាននាក់ ចុះឈ្មោះបោះឆ្នោត។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រទេសកម្ពុជា ក៏បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នៅក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងបរិយាប័ន្ន ប្រកបដោយជោគជ័យ។
គណបក្សនយោបាយចំនួន២០ បានចូលរួមនៅក្នុងការបោះឆ្នោត។ នៅក្នុងការប្រៀបធៀបអាត្រានៃអ្នកទៅបោះឆ្នោតបានកើនឡើង ទៅដល់ចំណុចកំពូលថ្មី រហូតដល់ ៨៣,២% បើប្រៀបធៀបទៅនឹងអាត្រាតែ ៥៥%ប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នៅឆ្នាំ២០១៦។ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីឆន្ទៈរបស់ប្រជាជន។
ជាការពិតនៅក្នុងការបោះឆ្នោតទាំងអស់នៅកម្ពុជា តែងតែមានអ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងអ្នកសង្កេតការណ៍ដែលមកពីអាមេរិកផងដែរ។
ជាក់ស្តែងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលអាមេរិក បានហៅថា «មិនសេរី និងយុត្តិធម៌ ហើយមិនតំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋកម្ពុជា» គឺមានអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥៣៨រូប ដែលចូលរួមសង្កេតការណ៍ការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ មកពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អង្គការក្រុមប្រទេសនិយាយភាសាបារាំង (Assemlee Parlementaire de la Francophonie) សភាប្រជាជននៃសហព័ន្ធរុស្ស៉ី (Civic Chamber) អង្គការកិច្ច សហប្រតិបត្តិការសៀងហៃ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ីចលនា អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្ដរជាតិ អង្គការសភាអាស៊ី និងអង្គការអន្តរសភាអាស៊ាន។ ក្រៅពីនេះក៏មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានតាមដានយកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។
ក្រុមអ្នកសង្កេតការណ៍បានឯកភាពទាំងអស់គ្នាថា ការបោះឆ្នោតនេះគឺប្រកបដោយសន្តិវិធី សេរី និងយុត្តិធម៌ ព្រោះអ្នកសង្កេតការណ៍ទាំងនោះបានមកសង្កេតផ្ទាល់ មិនមែនអង្គុយចាំរិះគន់ដូចស្ថានទូតអាមេរិចនោះទេ។
សំណួរសាមញ្ញមួយនៅទីនេះ តើអ្នកណាដែលសាកសមជាងគេក្នុងការវិនិច្ឆ័យចំពោះការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា? អ្នកសង្កេតការណ៍អន្តរជាតិដែលចូលរួមការសង្កេតការណ៍ជាក់ស្តែង ឬអ្នកចាំថាមិនបានមើល?
ឈប់បាន ឈប់ទៅ កុំមកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា ឱ្យកម្ពុជារស់នៅបានសុខផង។ ការវាយតម្លៃការការបោះឆ្នោតជាតិ ខែកក្កដានៅកម្ពុជា ជាការបោះឆ្នោតមានកំហុសឆ្គង ហើយកោតតែប្រទេសមហាអំណាចមួយធ្វើទៅរួចដោយគ្មានការអៀនខ្មាស។
ប្រវត្តិសាស្រ្តកម្ពុជាពិតជាឆ្អែតឆ្អន់នឹងទង្វើរបស់អាមេរិកហើយ! ដោយសារតែអស់លោកចោទប្រកាន់គ្មានការពិតនេះហើយ អស់លោកអាមេរិកបានទម្លាក់គ្រាប់បែកជាង ៣លានតោនលើក្បាលខ្មែរ គ្មានសុំទោសខ្មែរមួយមាត់ ហើយឥឡូវបានតាមចងកម្មចងពារខ្មែរមិនឱ្យរស់បានសុខសន្តិភាពទៀត។ ប្រវត្តិសាស្ត្របានដឹងច្បាស់ណាស់ថា អាមេរិកមិនដែលសប្បាយចិត្តពេលខ្មែររីកចម្រើនទេ។
ម្យ៉ាងទៀតរហូតមកដល់ពេលនេះចាប់ពីថ្ងៃទី២៩ កក្កដា ២០១៨ គឺមានរយៈពេលមួយឆ្នាំហើយ មុនការបោះឆ្នោត ពេលបោះឆ្នោត ក្រោយពេលបោះឆ្នោត ប្រជាជនកម្ពុជាទទួលបានសន្តិភាព រស់នៅប្រកបដោយសេរីភាព សេដ្ឋកិច្ចជាតិកើនឡើង មិនគួរស្ថានទូតអាមេរិកមកមួលបង្កាច់កម្ពុជារំលឹកខួប១ឆ្នាំនៃការបោះឆ្នោតអីនោះទេ ចូលចិត្តចោទប្រកាន់តែរឿងប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាខែល ព្រោះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា គឺសំលឹងទៅមុខដើម្បីអភិវឌ្ឍន៍ កសាងប្រទេស ប្រជាជនកម្ពុជាដែលជាម្ចាស់ជោគវាសនាប្រទេសជាតិត្រូវការសន្តិភាព និងរីកចម្រើនទៅមុខ។
ប្រទេសកម្ពុជាមានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោល ការណ៍នៃទំនាក់ទំនងអន្ដរជាតិ រួមមានការមិនជ្រៀតជ្រែក ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ គ្នាទៅវិញទៅមក។ យើងក៏ត្រូវប្រកាន់ខ្ជាប់នូវតម្លៃជាសកលនៃភាពយុត្តិធម៌ បរិយាប័ន្ន និងការបើកចំហរ។
ស្ថានទូតអាមេរិកគួរមានយុត្តិធម៌ចំពោះកម្ពុជា ដោយយកសន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាចុងក្រោយ ខ្ញុំសង្ឃឹមថា ស្ថានទូតអាមេរិចដែលតំណាងអោយរដ្ឋបាលអាមេរិចឈប់លូកដៃកិច្ចការផ្ទៃក្នុងកម្ពុជា គួរក្សាទំនាក់ទំនងល្អដើម្បីផលប្រយោជន៏ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ដូចប្រសាសន៏សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងកាលពីថ្ងៃទី២៩ កក្កដា ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតតេជោថា ប្រធានាធិបតីអាមេរិច ដូណាល់ត្រាំ មិនល្ងង់ផ្តាច់ទំនាក់ទំនងជាមួយកម្ពុជានោះទេ ។
«រដ្ឋធមនុញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាពុំបានចែងថា បោះឆ្នោតនៅកម្ពុជាត្រូវទទួលស្គាល់ពីបរទេសឡើយ»៕
ភ្នំពេញ, ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
ជា ច័ន្ទបរិបូរណ៍