Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា បន្តចុះផ្ដល់អំណោយ មនុស្សធម៌ ជូន ដល់ពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៣១គ្រួសារ ទៀត នៅខេត្តកំពង់ស្ពឺ

30-07-2019 20:25

(កំពង់ស្ពឺ)៖ បន្ទាប់ពីបានផ្តល់អំណោយ ជូនប្រជាពលរដ្ឋចំនួន ១,៨៥៨គ្រួសារ នៅស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ក្នុងខែមិថុនា និងខែកក្កដា នេះរួចមក នៅថ្ងៃអង្គារ៍ ទី ៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ក្រុមការងារដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួច បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការ លំបាកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៣១គ្រួសារ បន្ថែមទៀត ដែលកំពុងរស់នៅ ក្នុងឃុំក្រាំងដីវាយ ឃុំចំបក់ ឃុំតាំងសំរោង និងឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ព្រមទាំងការគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ។

ជាមួយគ្នានេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវសេចក្ដី អំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម គិតគូរពីបញ្ហាសុខភាព អនាម័យ ពិសា ទឹកដាំឆ្អិន បរិភោគស្អាត និងបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម -គ្រុនចាញ់។

ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីជៀសវាងមានឧបសគ្គកើតឡើងជាយថាហេតុ ហើយសូមប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពី សុវត្ថិភាពរាល់ពេលធ្វេីដំណេីរ ជៀសវាងគ្រោះថ្នាក់ ចរាចរណ៍ ដែល ជាបញ្ហាអាទិភាពកេីតមានឡើងជារាល់ថ្ងៃនេះ និងសូមចូលរួមអនុវត្តនូវភូមិឃុំមានសុវត្ថិភាព ដោយជៀសវាងការ ប្រេីប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។

បន្ទាប់ពីបញ្ចប់កម្មវិធីចែកអំណោយខាងលេីនេះ រួចមក ក្រុមការងារកាកបាទ ក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និងបានផ្តល់អំណោយជូនដល់ចាស់ឥតទីពឹង ចំនួន ១០គ្រួសារ ដែលរស់នៅក្នុងស្រុកភ្នំស្រួចនោះផងដែរ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត ) និងថវិកា ចំនួន ២ម៉ឺនរៀល។ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តរស្មីឧទុម្ពរ និងវត្តតាទេពទឹកផុសនូវទេយ្យទាន និងបច្ច័យមួយចំនួន។ ដោយឡែក សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ ៗ នំប៉័ង ១ដេីម និងទឹកសុទ្ធ ១ដប៕