(ភ្នំពេញ)៖ ក្នុងដំណើរកំសាន្តទៅកាន់ខេត្តមណ្ឌលគីរី កន្លងទៅថ្មីៗនេះ ក្រុមការងារ KH LAND ជិត១០០នាក់ បានធ្វើសកម្មភាពរួមគ្នាជាច្រើន រួមមាន៖ សកម្មភាពកីឡា លេងហ្គេម Teamwork Building ជាពិសេសដាំដើមឈើក្នុងសាលារៀន ដើម្បីលើកកម្ពស់បរិស្ថាននាទឹកដីដ៏សែនមនោរម្យនេះ។
កញ្ញា យ៉ុង សុភ័ក្រ្ត អនុប្រធានផ្នែកលក់នៃក្រុមហ៊ុន ខេ អេច លែន (KH LAND CO.,LTD) បានថ្លែងថា ការរៀបចំដំណើរកំសាន្តនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅបង្កើតភាពស្និទ្ធស្នាល ការស្រលាញ់គ្នាក្នុងនាមជាអ្នកធ្វើការងារជាក្រុម ការងាររួមគ្នា និងការស្រលាញ់ធម្មជាតិ។
កញ្ញាបន្តថា «ជាលទ្ធផលនៃដំណើរកំសាន្តនេះ យើងឃើញបុគ្គលិកមានភាពស្និទ្ធស្នាលគ្នា ស្រលាញ់គ្នា ចេះសហការសាមគ្គីគ្នា បើកចិត្តទូលាយ ដើម្បីធ្វើយ៉ាងណាឲ្យរីកចម្រើនដល់ខ្លួនឯង ក្រុមហ៊ុន និងដល់សង្គមជាតិទាំងមូល។ យើងបានដាំដើម KH LAND ក្នុងបេះដូង ហើយយើងចាត់ទុក KH LAND ជាផ្ទះទី២របស់យើង ព្រោះក្រុមហ៊ុនបានផ្តល់នូវបរិយាកាសការងារ និងការដឹកនាំដ៏ល្អប្រសើរ»។
លោក ពៀង សុក្រឹត ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន ខេ អេច លែន (KH LAND CO.,LTD) បានថ្លែងដែរថា KH LAND តែងតែរៀបចំដំណើរកំសាន្តបែបនេះជារៀងរាល់ឆ្នាំ ហើយពេលបានធ្វើដំណើរទៅទស្សនកិច្ច នៅខេត្តមណ្ឌលគីរី បានលេងហ្គេមTeam Work និងដាំដើមឈើនៅក្នុងសាលារៀនមួយផងដែរ។
លោកបន្តថា «តាមរយៈដំណើរកំសាន្តនេះ បុគ្គលិកក្រុមហ៊ុនទាំងអស់បានយល់ពីចក្ចុវិស័យ បេសកកម្មរបស់ក្រុមហ៊ុនចង់បានអ្វី ហើយយើងត្រូវធ្វើអ្វីដើម្បីសម្រេចបានទស្សនវិស័យរួមគ្នា»។
ចំពោះទស្សនវិស័យចំពោះមុខ KH LAND ដែលបច្ចុប្បន្នកំពុងទទួលសិទ្ធិលក់លើគម្រោងដីឡូតិ៍ និងផ្ទះល្វែង ប៉ុន្តែមហិច្ឆតារបស់ក្រុមហ៊ុននេះ នាពេលអនាគត នឹងដើរតួនាទីជាអន្តរការីជាមួយអ្នកវិនិយោគដទៃទៀត ដើម្បីសាងសង់បុរី ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនទៀត។ KH LAND ទទួលបាន ការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយចំនួនបុគ្គលិកបានកើនឡើងជាបន្តបន្ទាប់។
កញ្ញា យ៉ុង សុភ័ក្រ្ត បានបន្តថា យុទ្ធសាស្រ្ត របស់ក្រុមហ៊ុនគឺផ្តោតលើទស្សនវិស័យឈ្នះ ឈ្នះបួន ដូចជា៖ អតិថិជនឈ្នះ ក្រុមហ៊ុនភ្នាក់ងារលក់ឈ្នះ បុគ្គលិកឈ្នះ និងក្រុមហ៊ុនឈ្នះ ដែលជាទស្សនវិស័យ និងយុទ្ធ សាស្រ្តពង្រឹងដំណើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុន។ រហូតមកទល់ពេលនេះ KH LAND ទទួលបាន ជោគជ័យលើគម្រោងធំៗ ចំនួន៥រួចមកហើយ និងគ្រោងពង្រីកគម្រោងទី៦ បន្ថែមទៀតនាពេលអនាគតឆាប់ៗនេះ៕