(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។

ការបញ្ជាក់ឲ្យដឹងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួប លោក Eldeen Hasaaini bin Mohd ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំ កម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម។ ជំនួបនេះ ធ្វើឡើងនៅទីស្ដីការ ក្រសួងកសិកម្ម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាំងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយកម្ពុជា និងតែងតែគាំទ្រ ដល់ផលិតផលកសិកម្ម ដែលនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារ នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។

លោក វេង សាខុន ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីដំណើរវិវឌ្ឍន៍រីកចម្រើន នៃវិស័យកសិកម្ម ក្រោមការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ពីប្រទេសដែលគ្មានលទ្ធភាព ក្នុងការផ្គត់ផ្គង់ ស្បៀងដល់ប្រជាជនខ្លួន មកជាប្រទេស ដែលមានអតិរេកស្បៀង ជាអង្ករជិត ៤លានតោន និងជាប្រទេសដែលធ្វើការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក។

ពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ ថា គិតត្រឹមខែកក្កដា ឆ្នាំនេះ កម្ពុជាបានធ្វើការនាំចេញផលិតផលកសិកម្ម សរុបជាង ២,៣៧លានតោន។ សមិទ្ធផលដ៏ធំធេងមួយទៀត ដែលរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការទើបតែសម្រេចបាន នាថ្មីៗនេះ គឺ ការនាំចេញចេកអំបូងលឿងកម្ពុជា ឆ្ពោះត្រង់ទៅកាន់ទីផ្សារនៃប្រទេសចិន។

លោករដ្ឋមន្ដ្រី សង្ឃឹម និងជឿជាក់ថា តាមរយៈលោកឯកអគ្គរដ្ឋទូត កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម លើផលិតផលកសិកម្ម និងផលិតកម្មសត្វរវាងប្រទេសទាំងពីរ ជាពិសេសវិនិយោគិនម៉ាឡេស៊ី មកវិនិយោគលើការ កែច្នៃផលិតផលកសិកម្មនៅកម្ពុជា និងការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសម៉ាឡេស៊ី នឹងត្រូវបានជំរុញ និងពង្រីកថែមមួយកម្រិតទៀត ប្រកបដោយប្រសិទ្ធភាព។

មួយវិញទៀត លោកក៏បានស្នើដល់ភាគីម៉ាឡេស៊ី ពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម និងឧស្សាហកម្ម ដែលមានមូលដ្ឋាន ផ្នែកកសិ-ឧស្សាហកម្មនៃម៉ាឡេស៊ី។

លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក៏ដូចជាវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសម្រេច បាននាពេលកន្លងមក និងបច្ចុប្បន្ន។

លោកបានឯកភាពទាំងស្រុង ចំពោះការលើកឡើង របស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការងារពង្រឹង និងពង្រីកការវិនិយោគ ពីម៉ាឡេស៊ីមកលើវិស័យកសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ដោយលោកបានបញ្ជាក់ថា ក្នុងអំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីមួយចំនួន នឹងមកទស្សនកិច្ចសិក្សា ស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។

លោក បានបន្ថែមទៀតថា ភាគីម៉ាឡេស៊ី រីករាយចំពោះការបង្កើនបរិមាណ នៃពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ ដោយភាគីម៉ាឡេស៊ី បានសម្រេចបង្កើនការនាំចូលអង្ករពីកម្ពុជា ហើយកំពុងមានចំណាប់អារម្មណ៍ជាខ្លាំង លើផលិតផលដទៃទៀត ដូចជាម្រេច តាង៉ែន និងប្រេងដូង។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងអាណត្តិរបស់លោកនឹងព្យាយាមអស់លទ្ធភាព ធ្វើយ៉ាងណាជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឲ្យមានការរីកចម្រើន ប្រកបដោយចីរភាពសម្រាប់ ជាប្រយោជន៍ដល់ប្រទេសទាំងពីរ៕