(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលបាននាំចូលកាកសំណល់ផ្លាស្ទិក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
បើតាមការប្រកាសរួមនេះ គឺការដាក់បន្ទុកទាំង៣ចំណុច រួមមាន៖
១៖ ឱ្យក្រុមហ៊ុនជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះទៅប្រទេសដើមវិញ
២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ
៣៖ ក្រុមហ៊ុនខាងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត
បើតាមសេចក្តីប្រកាសដដែល ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការកំណត់ទាំង៣ខាងលើនេះទេ រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុនផងដែរ។ សំរាមទាំងនេះនាំចូលដោយ ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលមានថៅកែជនជាតិខ្មែរ មានឈ្មោះ សួន ឡុក។
សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការ ឆែកឆេរកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។
តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១,៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី(២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។
តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍ មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ ផ្សេងឡើយ៕