(តាកែវ)៖ អាជ្ញាធរស្រុកបាទី រួមជាមួយមន្រ្តីជំនាញនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានចុះផ្អាកការដ្ឋានសាងសង់អគាររោងចក្រស្បែកជើងខ្នាតធំ របស់ជនជាតិចិនឈ្មោះ ក្រាយអាំហ្វីនដ្រេហ្កន ដែលស្ថិតនៅភូមិខ្នារទង់ ឃុំកុមាររាជា ស្រុកបាទី ដោយតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានថ្លែងឲ្យដឹងថា ការចុះផ្អាកការសាងសង់អគាររោងចក្រនេះ គឺយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តតាកែវ ឲ្យចាត់វិធានការណ៍យ៉ាង ម៉ឺងម៉ាត់ ចំពោះសំណង់រោងចក្រក្រាយអាំហ្វីនដ្រេហ្កន ដែលសាងសង់ពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
កន្លងមកអាជ្ញាធស្រុក បានចុះមកផ្អាកសំណង់រោងចក្រខុសច្បាប់នេះម្ដងហើយ ក៏ប៉ុន្តែម្ចាស់រោងចក្រនៅតែបន្តលួចសាងសង់ខុសច្បាប់តទៅទៀត។
បើតាមលោក ភួន ឈីម នៅក្នុងការចុះផ្អាកសំណង់រោងចក្រនេះ អាជ្ញាធក៏បានធ្វើការដកហូតរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង រថយន្តស្ទួចមួយគ្រឿង ម៉ាស៊ីនវីស៊ីម៉ង់ត៍មួយគ្រឿង យកទៅរក្សាទុកនៅសាលាស្រុក។ ដោយឡែក ចំពោះក្រុមហ៊ុនម៉ៅការ ដែលទទួលការសាងសង់ឈ្មោះ Alpha Property Construction Co.,LTD អាជ្ញាធរ ស្រុកបាទី កំណត់ឲ្យចូលខ្លួនមកដោះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ជាកំណត់៕