(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងប្រាប់គ្រូពេទ្យ ឲ្យបន្តយកចិត្តទុកដាក់ បម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកអភិបាលខេត្ត បានថ្លែងផ្ដាំផ្ញើដល់គ្រូពេទ្យ ខណៈអមដំណើរដោយលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត ចុះសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
តាមលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ បានឲ្យដឹងថា អ្នកជំងឺដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ប្រចាំខែកក្កដា ឆ្នាំ២០១៩នេះ មានចំនួនសរុប៦.៩៥៩នាក់។
ក្នុងចំនួនអ្នកជំងឺទូទៅដែលចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជា៖ ជំងឺរបេង, ជំងឺគ្រុនចាញ់, ជំងឺគ្រុនឈាម ដោយឡែកជំងឺវះកាត់ធំ មធ្យម តូច មានចំនួនសរុប៩១៩នាក់។
លោកប្រធានមន្ទីរសុខាភិបាល ឲ្យដឹងទៀតថា ចំពោះផ្នែកគាំពារមាតា និងទារក ខាងមន្ទីរពេទ្យបានពិនិត្យស្ត្រីមានផ្ទៃពោះមុនសម្រាលលើកទី២ (ANC2) ១៦៦១នាក់ និងសម្រាលកូនរស់នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយបុគ្គលិកជំនាញសរុបចំនួន១.៨១០នាក់, បានចាក់ថ្នាំបង្ការគ្រប់មុខ ១១មុខ ចាក់គ្រប់មានចំនួន ១.៩៩៨ នាក់ចាក់វ៉ាក់សាំងតេតាណុសស្ត្រីមានផ្ទៃពោះ ចំនួន ២.៥៧១នាក់ និងតេតាណុសស្ត្រីគ្មានផ្ទៃពោះអាយុ ១៥-៤៤ឆ្នាំ ចំនួន២៣០៨នាក់។
ស្ថិតក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែរក្សា និងព្យាបាលអ្នកជំងឺ ប្រកបដោយគុណភាព និងភាពទទួលខុសត្រូវ និងត្រូវគោរពក្រមសីលធម៌ គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន បង្កើនសមត្ថភាព និងខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ៕