(ក្រចេះ)៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់សម្បទានិកចំនួន ១៧៦គ្រួសារ ស្មើនឹង២៥៨ប័ណ្ណ នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណ អាគារសហគមន៍អូរគគីសែនជ័យ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានកំណត់យកខេត្តក្រចេះ ជាខេត្តគោលដៅ ក្នុងការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED l) ចាប់តាំងពីឆ្នាំ២០០៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះ សម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺស្រុកចិត្របុរី ដែលមានឃុំគោលដៅចំនួន៤ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺឃុំចំបក់។

លោកបន្តថា នៅក្នុងឆ្នាំ២០១៩នេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ បានបន្តសកម្មភាពលើឃុំគោលដៅទាំង៥ ដោយទទួលសម្បទានិក ឱ្យចូលទៅរស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ២.១១៩គ្រួសារ។ ជាលទ្ធផលរហូតមកដល់ពេលបច្ចុប្បន្ន មានសម្បទានិករស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ៧៥៧គ្រួសារ រស់នៅមិនអចិន្ត្រៃយ៍ចំនួន ៩៧២គ្រួសារ និងមិនទាន់ចូលមករស់នៅចំនួន ៣៩០គ្រួសារ ហើយថ្ងៃនេះឃុំដារ ដែលរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក លើផ្ទៃដីសម្បទានសង្គមកិច្ចទំហំ ៥៧២,៣៧ហិកតា ដែលបានចុះបញ្ជីជាដីឯកជន របស់រដ្ឋកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១០ ផ្ទៃដីដែលត្រូវចែកជូនប្រជាពលរដ្ឋមានផ្ទៃដីលំនៅឋាន ទំហំ ២៩,៦០ហិកតា និងផ្ទៃដីកសិកម្មទំហំ ៣៨៦ហិកតា។

លោក សរ សុវណ្ណ បានសម្តែងក្តីសោមន្សរីករាយ និងអបអរសាទរចំពោះសម្បទានិកទាំងអស់ ដែលបានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។ លោកថ្លែងថា ក្រោយពេលដែលប្រជាពលរដ្ឋ បានទទួលដីសង្គមកិច្ចពីរាជរដ្ឋាពិបាល តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នេះ ប្រជាពលរដ្ឋមានដីសម្រាប់សង់ លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីបង្កើនជីវភាពរស់នៅរបស់ខ្លួន និងកែប្រែមុខមាត់ថ្មី។

ទន្ទឹមនឹងនេះ លោកបន្តថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ប្រជាពលរដ្ឋនឹងកាន់តែមានសុវត្ថិភាពក្នុងការកាន់កាប់ និងប្រើប្រាស់ដីដែលបានទទួលពីរាជរដ្ឋាភិបាល និជាមរតកសម្រាប់បន្តដល់កូនចៅ។ ចំណុចមួយទៀតវាក្លាយទៅជាទុន ផ្តល់នូវប្រាក់ចំណូលទៀងទាត់ តាមរយៈការដាំដុះ និងភ្ញាស់ចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលជាសម្បទានិក។

ឆ្លៀតឱកាសនោះលោក សរ សុវណ្ណ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ កុំលក់ដូរ ឬដាក់បញ្ចាំ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅពេលក្រោយ ផ្ទុយទៅវិញ សម្បទានិកទាំងអស់ ត្រូវរួមចំណែកប្រើប្រាស់ដី ដែលទទួលបានក្នុងការរស់នៅ និងបង្កបង្កើនផល ឱ្យមានជីវភាពប្រសើរឡើង ដើម្បីគម្រោងមានមូលដ្ឋាន ក្នុងការស្នើសុំសម្បទានហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងនេះ នៅតាមទីតាំងផ្សេងទៀត ដែលមានប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចកំពុងត្រូវការ ដីសម្បទានសង្គមកិច្ចបន្ថែមពីរាជរដ្ឋាភិបាល។

លោក សរ សុវណ្ណ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិនៅពេលនេះ មិនត្រូវទៅទន្រ្ទានកាន់កាប់ ឬទទួលបានដីពីរាជរដ្ឋាភិបាល នៅកន្លែងណាមួយទៀតបានឡើយ ព្រោះឈ្មោះមានក្នុងប្រព័ន្ធកុំព្យូទ័រ របស់ក្រសួងមន្ទីររួចហើយ។ ដូច្នេះត្រូវខិតខំបន្តកាប់គាស់ ព្យាយាមដាំដុះដំណាំរួមផ្សំ គ្រប់ប្រភេទតាមរដូវកាល ព្រមទាំងចិញ្ចឹមសត្វពាហនៈផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងលក់ដូរ រកចំណូលដោះស្រាយ បញ្ហាប្រឈមក្នុងរយៈពេលខ្លី និងអាចសម្រាលការលំបាកក្នុងគ្រួសារបាន ហើយដីនៅតែជាដីរបស់ខ្លួនដដែល៕