(ត្បូងឃ្មុំ)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានថ្លែងថា គ្រូពេទ្យទាំងអស់ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាច់ខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ ហើយចំពោះគ្រូពេទ្យដែលបានមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្ររបស់គណ:គ្រូពេទ្យ ទើបអាចធានាបានថា ជាគ្រូពេទ្យមួយដ៏ពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៥ នៅខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរ និងជាប្រធានគណ:គ្រូពេទ្យខេត្ត រួមជាមួយវត្តមានរបស់តំណាងគណៈគ្រូពេទ្យ នៅតាមបណ្ដាខេត្តជុំវិញរួមមានខេត្ត៖ កំពង់ចាម, កំពង់ធំ, ក្រចេះ, ព្រៃវែង និងវត្តមានរបស់វេជ្ជបណ្ឌិត, គ្រូពេទ្យ មកពីគ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងខេត្តជាច្រើនរូបផងដែរ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា គ្រូពេទ្យទាំងអស់ដែលបានមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ របស់គណ:គ្រូពេទ្យ គឺធានាបញ្ជាក់បានថា ជាគ្រូពេទ្យមួយដ៏ពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ មានចំណេះដឹង ស្មារតីល្អ កាយសម្បទាមាំទាំ និងបានយល់ដឹង ដោយបង្កើនចំណេះដឹងថ្មីៗគ្រប់គ្រាន់ ក្នុងការដើរឲ្យទាន់សម័យកាល នៃការវិវឌ្ឍន៍ប្រភេទជំងឺ ថ្នាំពេទ្យ និងការព្យាបាល។

លោកវេជ្ជបណ្ឌិត កែវ វណ្ណ: បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានគណៈវិជ្ជាជីវៈចំនួន៥ គឺ គណៈគ្រូពេទ្យ, គណៈគិលានុបដ្ឋាក, គណ:ឆ្មប, គណ:ឱសថការី និងគណ:ទន្តពេទ្យ។ ចំពោះការផ្តល់សេវាសុខាភិបាលឯកជនទូទាំងខេត្ត ទាំងមន្ទីរសំរាកព្យាបាល បន្ទប់សម្រាកគ្រប់ប្រភេទ និងឪសស្ថានស្ថាន មានសរុប ៧៧៧កន្លែង។លោកបន្តឲ្យដឹងទៀតថា រយៈពេល៦ខែដើមឆ្នាំនេះ ការពិគ្រោះជំងឺរបស់ប្រជាពលរដ្ឋទាំងពីរភេទ និងគ្រប់វ័យទូទាំងខេត្តមានចំនួនសរុប ៣២៥,៧៦៤ករណី ក្នុងនោះករណីថ្មីមានចំនួន ៣០៥,១១០ករណី។ ដោយឡែកការសំរាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលទូទាំងខេត្ត មានចំនួន១,៤៤៨ករណី។

លោកវេជ្ជបណ្ឌិត ឆន មុនី ឲ្យដឹងដែរថា គ្រូពេទ្យទូទាំងខេត្តត្បូងឃ្មុំ ស្ទើរតែ១០០% បានមកចុះបញ្ជីការ និងបន្តអាជ្ញាប័ណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវ:វេជ្ជសាស្ត្រ ដោយឡែកនៅសល់មួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បានចុះ គឺជាគ្រូពេទ្យទើបចេញថ្មី។

លោកវេជ្ជបណ្ឌិត ឆន មុនី ក្នុងនាមជាប្រធានគណ:គ្រូពេទ្យខេត្តត្បូងឃ្មុំ បានអំពាវដល់ លោក លោកស្រីប្រធានការិយាល័យ ប្រធានមន្ទីរពេទ្យ ត្រូវយកចិត្តទុកដាក់ ប្រមូលណែនាំ គ្រូពេទ្យដែលនៅមិនទាន់ចុះបញ្ជីការ ឲ្យរួសរាន់ មកចុះបញ្ជីគណ:គ្រូពេទ្យ ដើម្បីឆ្លើយតបទៅនឹងការគោរពច្បាប់វិជ្ជាជីវ:សុខាភិបាល និងធានាឲ្យបាននូវការផ្តល់សេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវ:៕