(កោះកុង)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.សយ.ក) បានថ្លែងថា ចំណេះវិជ្ជាធ្វើឲ្យយុវជន ប្រែក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម ហើយធ្វើឲ្យជីវភាពក្នុងគ្រួសារបានធូរធា ជាពិសេសក្លាយជាទំពាងស្នងឬស្សី សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនគ្រប់វិស័យថែមទៀត។

លោក ហ៊ុន ម៉ានី ថ្លែងបែបនេះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសចូលរួមសំណេះសំណាល ជាមួយសមាជិកសមាជិកា ស.សយ.ក ខេត្តកោះកុង ដោយមានការចូលរួមក្រោមវត្តមាន លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស ស.សយ.ក សិស្សកាយរិទ្ធិ សិស្សកាកបាទក្រហមកម្ពុជា លោកគ្រូអ្នកគ្រូយ៉ាងច្រើនកុះករ។

លោក ហ៊ុន ម៉ានី បានថ្លែងថា យុវវ័យដែលមានកាតព្វកិច្ច ក្នុងការសិក្សាត្រូវខិតខំក្រេបចំណេះវិជ្ជា ពីសាស្តាចារ្យដែលគាត់ បានបង្ហាត់បង្រៀន មិនត្រូវបោះបង់ការសិក្សាទេ បើចង់ឲ្យអនាគតខ្លួនឯង មានធនធានមនុស្សទៅថ្ងៃមុខ។ ចំណេះវិជ្ជានេះ នាំឲ្យក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម ធ្វើឲ្យជីវភាពក្នុងគ្រួសារបានធូរធា ជាពិសេសជាទំពាងស្នងឬស្សី សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់ប្អូនៗក្មួយៗត្រូវខិតខំ សិក្សាស្តាប់ដំបូន្មាន ឪពុកម្តាយ លោកគ្រូអ្នកគ្រូ ដែលទូមានព្រានប្រដៅឲ្យយើង ក្លាយជាមនុស្សល្អ ដែលសង្គមទទួលស្គាល់ លើឆាកអន្តរជាតិ ព្រោះកម្ពុជារាល់ថ្ងៃ កំពុងតែទទួលស្គាល់ពីឆាកអន្តរជាតិ នូវសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកមនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»