(កំពង់ធំ)៖ ដោយមានការទទួលគាំទ្រពីសហភាពអឺរ៉ុប សម្រាប់អភិវឌ្ឍសកម្មភាពគម្រោងរយៈពេល ៣ឆ្នាំ២០១៩-២០២១ ដែលគ្របដណ្ដប់ និងមានវិសាលភាពគម្រោងលើគោលដៅខេត្តចំនួន ៦ គឺខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តកែប បានប្រតិបត្តិការលើគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានអង្គការដៃគូចូលរួម គឺអង្គការ ( API) និងអង្គការ (AEA) និងក្រុងស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនៅក្នុងគម្រោង ដើម្បីដំណើរការអនុវត្តកម្មវិធីនេះ។
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំណែនាំផ្សព្វផ្សាយ គម្រោង លើកកម្ពស់សមត្ថភាព និងការប្រតិបត្តិក្រុមប្រឹក្សាសមាជិកសមាគមថ្នាក់មូលដ្ឋាន និងដោយមានការអញ្ជើញចូលរួមពីនាយកទីចាត់ការនានារបស់រដ្ឋបាលខេត្ត អភិបាលក្រុងស្រុកទាំង៩ និង ឃុំ សង្កាត់ អង្គការដៃគូពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំណែនាំការផ្សព្វផ្សាយនាថ្ងៃនេះ ក៏បានរៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីគម្រោង និងសុំកិច្ចសហការគាំទ្របង្កលក្ខណៈងាយស្រួល ពេលអនុវត្តគម្រោងពីអាជ្ញាធរមូលដ្ឋាន និងស្ថាប័នអង្គភាពពាក់ព័ន្ធបង្កភាពងាយស្រួល ដើម្បីឲ្យការអនុវត្តគម្រោងរបស់យើងទទួលបានជោគជ័យ។
នាឱកាសនោះនៅក្នុងកិច្ចប្រជុំ លោក គាង សេងគី ប្រធានសមាគមក្រុមប្រឹក្សាឃុំមូលដ្ឋាន បានអានរបាយការណ៍របស់គម្រោង «ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់សមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន» មានថវិកាសរុបចំនួន ៩៧៧.៩៣៨អឺរ៉ូ ក្នុងនោះថវិកាគាំទ្រពីសហគមន៍អឺរ៉ុបចំនួន៧៨២.៥៣០ អឺរ៉ូ ស្មើនឹង ៨០ភាគរយ នៃថវិការគម្រោងសរុប និងថវិកាវិភាគទាន ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាននៃខេត្តទាំង៦ និងអង្គការ API និងអង្គការ AEAចំនួន១៩៥.៥៨៨ អឺរ៉ូ ស្មើនឹង ២០ភាគរយនៃថវិកាគម្រោងសរុប។
គម្រោងនេះ មានគោលបំណងជារួមគឺ ពង្រឹងសមត្ថភាពស្ថាប័ន និងប្រតិបត្តិការនៃក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកសមាគមនៅក្នុងខេត្តគោលដៅចំនួន៦ មានខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តកែប និងខេត្តកំពង់ធំ នៅក្នុងគោលដៅថ្នាក់គ្រប់គ្រងនិងដឹកនាំសមាគមនិងដឹកនាំសមាគមទាំង៦ខេត្ត និង២៨០៦ សមាជិក រួមទាំងតំណាងជនងាយរងគ្រោះសរុប ១៧៥០នាក់ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ដែលជាអ្នកទទួលផលចុងក្រោយពីគម្រោង។
សូមបញ្ជាក់ថា គម្រោងនេះបានរៀបចំស្នើឡើងដោយសមាគមថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ និងអង្គការ ( API និងAEA) ហើយត្រូវបានទទួលការសម្រេចយល់ព្រមផ្ដល់ថវិកាគាំទ្រ ពីសហភាពអឺរ៉ុបក្នុងការអនុវត្តគម្រោងរយៈពេល ៣ឆ្នាំ (ឆ្នាំ២០១៩-២០២១)។
លោក ដៀប ពិរី បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ ៣ឆ្នាំនេះ ធ្វើយ៉ាងណាត្រូវបញ្ជ្រាបដល់មូលដ្ឋានភូមិឃុំ ក្នុងគម្រោងអភិវឌ្ឍន៍មន្ទីរអង្គភាពត្រូវមានការពិភាក្សាគ្នា ឲ្យបានច្បាស់លាស់ដែលជៀសវាងការអភិវឌ្ឍយឺតយ៉ាវ ត្រូវធ្វើការអភិវឌ្ឍជាបន្ទាន់ក្នុងការបម្រើសេវាប្រជាពលរដ្ឋដែលពួកគាត់កំពុងត្រូវការនិងសំណូមពរ ជាពិសេស មន្ទីរអង្គភាពអ្នកពាក់ព័ន្ធរាល់គម្រោងទាំងអស់ ត្រូវមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនឹងត្រូវដោះស្រាយ ចំពោះមុខនូវបញ្ហា៣ឆ្នាំ នៃគម្រោងដែលនិងកំពុងអភិវឌ្ឍន៍ដោយមានការយកចិត្តទុកដាក់ ព្រោះជាការងារស្នូលរបស់យើងទាំងអស់គ្នាដើម្បីការអភិវឌ្ឍឱ្យមានការល្អប្រសើរឡើងស្របតាមចក្ខុវិស័យ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់គ្រួសាររួចផុតពីភាពក្រីក្រ រស់នៅក្នុងជីវភាពសមរម្យ មានសុខភាពល្អ មានចំណេះដឹង នឹងទទួលបានសេវាគាំទ្រ និងការពារគ្្របបែបយ៉ាងដោយស្មើរភាពនិងសមធម៌។
ជាចុងបញ្ចប់ លោកក្រុមប្រឹក្សាខេត្ត បានណែនាំ និងសំណូមពរដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកទាំងអស់ មន្ទីរអង្គភាពក្នុងខេត្តកំពង់ធំទាំងមូលអង្គការសង្គមស៊ីវិលនានា និងអ្នកពាក់ព័ន្ធ ត្រូវវិភាគស្ថានភាព នឹងកំណត់យកតែតម្រូវការណាដែលមានអាទិភាពសំរាប់អភិវឌ្ឍន៍មូលដ្ឋាន និងវិស័យជំនាញតម្រូវការគម្រោងសកម្មភាពអាទិភាពរបស់ខ្លួន រួចបញ្ជូនមកក្រុមការងារកសាង ផែនការ របស់គម្រោងថ្នាក់ខេត្តឲ្យបានតាមពេលកំណត់៕