(ភ្នំពេញ)៖ មានហេតុការណ៍ដ៏ភ្លាក់ផ្អើលឆោឡោមួយ បានកើតឡើង បន្ទាប់ពីម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែង ដែលទើបបើកដំណើរការលក់ បានរយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានក្រុមចោរហែកវះដំបូលហាង ចូលលួចទូរស័ព្ទអស់ជិត ៦០គ្រឿង ដែលក្រុមចោរទាំងនោះ បានយកអង្រឹងចងពីលើដំបូលចុះមកក្រោម ដើម្បីធ្វើសកម្មភាព។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចហាងខាងលើ ដែលមិនទាន់ដាក់យីហោ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីដែលជាម្ចាស់ហាងទូរស័ព្ទនេះ មានឈ្មោះ ពៅ ម៉ាលី អាយុ៤០ឆ្នាំ មានទីលំនៅទីតាំងកើតហេតុនេះតែម្តង។

លោកស្រី ពៅ ម៉ាលី ដែលជាម្ចាស់ហាងខាងលើនេះ បានឲ្យដឹងថា លោកស្រីតែទើបតែបើកហាងនេះបាន ២ថ្ងៃប៉ុណ្ណោះ មិនទាន់ការរៀបចំដាក់ឥវ៉ាន់ សម្ភារទូស័ព្ទថ្មីៗសព្វគ្រប់ផង និង ត្រៀមរៀបចំបើកសម្ភោធលក់ ស្រាប់តែត្រូវចោរចូលលួចអស់រលីង។

លោកស្រី ពៅ ម៉ាលី បានបន្តថា លោកស្រី និងក្រុមគ្រួសារបានភ្ញាក់ពីដំណេក រួចក៏ដើរពីបន្ទប់ផ្នែកខាងក្រោយ ដើម្បីមកបើកទ្វារហាងលក់ ខណៈដែលលោកស្រី បានដើរចេញមកដល់ក្នុងហាង ស្រាប់តែឃើញទ្វារចំហរ ចំណែកដំបូលខាងលើ ក៏ប្រហោងធ្លុង និងមានចងខ្សែរតួរអង្រឹង ទំលាក់ចុះមកក្រោមថែមទៀតផង។

ម្ចាស់ហាងទូរស័ព្ទខាងលើ បានរៀបរាប់ទៀតថា ខណៈនោះលោកស្រី ក៏មើលទៅក្នុងទូរ ស្រាប់តែបាត់ទូរស័ព្ទសេរីទំនើបៗ ក្នុងប្រអប់ត្រូវចោរលួចអស់ជាង ៥០គ្រឿង បង្កឲ្យមានការផ្ធើលឆោឡោ ជាខ្លាំង ភ្លាមៗនោះ លោកស្រី ក៏បានទូរស័ព្ទប្តឹង និងរាយការណ៍ប្រាប់ទៅកាន់សមត្ថកិច្ចភ្លាមៗ។

បន្ទាប់ទទួលបានដំណឹងនេះ នគរបាលប៉ុស្តិ៍សំរោងក្រោម រួមទាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមចោរទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់៕