(ប៉ៃលិន)៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រកាសផ្តល់ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ដែលជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០១៩នេះ ។
លោក ផាន់ ចាន់ធុល បានប្រកាសផ្តល់យ៉ាងដូចនេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានចុះសួរសុខទុក្ខសិស្សានុសិស្ស ដែលបានសិក្សាវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលឆាប់ៗខាងមុខ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ថ្លែងនៅក្នុងឱកាសនោះលោក ផាន់ ចាន់ធុល បានសំណូមពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ចំនួន ៣ចំណុចដូចជា៖
*ទី១៖ បេក្ខជនត្រូវមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង តាមរយៈការធ្វើស្វ័យសិក្សា ទៅតាមវិធីសាស្រ្តដែលបានចង្អុលបង្ហាញដោយលោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវគិតគូររក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមខ្លួនរួចជាស្រេចមុនពេលប្រឡង។
*ទី២៖ នៅពេលដែលប្រឡងជាប់សូមកុំភ្លេច លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់បង្រៀនប្អូនៗ ពីព្រោះប្រសិនបើគ្មានពួកគាត់ទេ យើងក៏ពុំអាចប្រឡងជាប់ដែរ ហើយសូមជឿចុះ ( គ្មានគ្រូពេទ្យណាចង់ព្យាបាលឲ្យអ្នកជម្ងឺស្លាប់នោះទេ ហើយក៏គ្មានគ្រូបង្រៀនណាចង់ឲ្យសិស្សរបស់ខ្លួន ប្រឡងធ្លាក់ដែរ)។
*ទី៣៖ សូមកុំភ្លេចគុណឪពុកម្តាយ ពីព្រោះគ្មានពួកគាត់ជាអ្នកដែលតែងតែឈរនៅពីក្រោយផ្តល់កម្លាំងចិត្តដល់យើងគ្រប់កាលៈទេសៈ បើទោះបីជាយ៉ាងណាក៏គាត់ នៅតែគាំទ្រយើងដែរ ។
លោក ផាន់ ចាន់ធុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម់ានី ជាប្រធាន បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការឧបត្ថម្ភគាំទ្រឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។
ជាចុងក្រោយ លោក ផាន់ ចាន់ធុល ក៏បានជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេស A លោកនឹងឧបត្ថម្ភ ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿងផងដែរ។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន កីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល មានមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន៕