(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ផៃ ស៉ីផាន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមរៀបចំបើកវគ្គបណ្តុះបណ្តាល ពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន រយៈពេល០៣ខែ។
លោក ផៃ ស៉ីផាន បានថ្លែងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីលើកស្ទួយវិជ្ជាជីវៈ និងពង្រឹងគំនិតជាតិនិយម ដល់អ្នកសារព័ត៌មានកម្ពុជា ក្នុងការសរសេរអត្ថបទ រួមចំណែករក្សាសន្តិសុខ និងសន្តិភាពជាតិ។ លោកថ្លែងថា អ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរួមចំណែកលើកស្ទួយកិត្តិយសជាតិ និងការពារមុខមាត់ប្រទេសជាតិ ពោលអ្នកសារព័ត៌មាន មិនគួរនិយាយសរសេរព័ត៌មាន បែបអុចអាលឱ្យប្រជាពលរដ្ឋ ស្អប់រាជរដ្ឋាភិបាល និងមានជម្លោះផ្លូវចិត្ត ជាមួយរដ្ឋអាជ្ញារបស់ខ្លួនឡើយ។
លោក ផៃ ស៉ីផាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីសុខសន្តិភាព យើងខិតខំទាញរាស្ត្រ ឱ្យដើរចូលជាមួយរដ្ឋ មិនមែនទាញរាស្ត្រ ឱ្យដើរចេញពីរដ្ឋនោះទេ»។
ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាព សហព័ន្ធ អ្នកសារព័ត៌មាន កម្ពុជា បានថ្លែងថា បើសិនជាអ្នកសារព័ត៌មាន មិនអាចការពារអធិតេយ្យជាតិខ្លួនបានទេ ក៏អ្នកសារព័ត៌មាន ត្រូវការពារអធិបតេយ្យខួរក្បាលរបស់ខ្លួនឯងដែរ។ លោកបញ្ជាក់ថា «បើអ្នកសារព័ត៌មាន មិនអាចសរសេរគេចផុតពីគោលការណ៍ របស់អង្គភាពខ្លួនបាននោះទេ គេអាចសរសេរអ្វី ដែលគិតថាជាមនសិការជាតិខ្លួនបាន»៕