(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការសមាគម ដៃគូអភិវឌ្ឍន៍ វិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ និងយុវជនតាមផ្នែក-តាមវិស័យ មកពីគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ឡី សុភាព បានជំរុញឱ្យយុវជនត្រូវចេះកសាងសមត្ថភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។
ពិធីជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា របស់យុវជនគណបក្សកម្ពុជាលើកនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។ ពិធីនេះដែរ ក៏ចង់បង្ហាញពីការសម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីខាងលើនេះ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការសាខាគណបក្សយុវជនសេដ្ឋកិច្ចរាធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ នៃគណៈចលនាមហាជនគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា «យុវជនយើងមិនត្រូវភ្លេចខ្លួន គឺត្រូវយល់ឱ្យច្បាស់ពីកម្លាំងគាំទ្រ និងកម្លាំងពិតរបស់គណបក្សប្រជាជន។ សព្វថ្ងៃ យុវជនក្នុងសមាគមយើងនេះ គឺជាកម្លាំងស្នូលនៃគណបក្សប្រជាជន។ បើជាកម្លាំងស្នូលហើយ យើងត្រូវតែបម្រើបក្សឱ្យបានពេញលេញ និងស្មោះស្ម័គ្រឱ្យដល់កម្រិតតែម្តង»។
លោកបានបន្ថែមថា គណបក្សប្រជានជន បានអភិវឌ្ឍភូមិ-ឃុំឱ្យមានការរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវ ស្ពាន សាលារៀន វត្ត អារាម និងប្រព័ន្ធធារាសាស្ត្រជាដើម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ និងធ្វើអាជីវកម្ម សម្រាប់លើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកបានផ្តាំផ្ញើដល់យុវជនថា ដើម្បីដណ្តើមប្រៀបឈ្នះថែមទៀតនាពេលខាងមុខ យុវជនគប្បីត្រូវគិតគូរ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងនោះត្រូវខិតខំកសាង និងបណ្តុះបណ្តាលកម្លាំងបន្តវេនក្នុងស្រទាប់យុវជន។ ពង្រឹងការគ្រប់គ្រងអង្គការចាត់តាំងរបស់គណបក្ស ពង្រឹងការគ្រប់គ្រងសមាជិកបក្ស និងពង្រឹងគុណភាពយុវជនគណបក្សឱ្យមានវិន័យល្អ ដើម្បីដណ្តើមប្រៀបឈ្នះឱ្យគណបក្សប្រជាជន សម្រាប់ពីពេលនេះ ក៏ដូចជាថ្ងៃអនាគត។
ទន្ទឹមជាមួយគ្នានេះ លោកបានបញ្ជាក់ដែរថា ដើម្បីឱ្យយុវជនកសាងសមត្ថភាពបានរឹងមាំ ក៏ដូចជាស្របតាមគោលនយោបាយលើកកម្ពស់លើវិស័យអប់រំនោះ សមាគមរបស់លោកបានផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត ក៏ដូចជាជួយរកការងារធ្វើឱ្យយុវជនទៀតផង។
បើតាមលោក ឡី សុភាព សមាជិក-សមាជិការបស់សមាគមរបស់លោកបច្ចុប្បន្នមានចំនួនជិត ១ម៉ឺននាក់។ សមាជិក-សមាជិកាទាំងអស់តែងជួបប្រជុំគ្នា ដើម្បីដោះស្រាយបញ្ហាសេសសល់ចំពោះមុខ ពិសេសមានការកែទម្រង់លើបញ្ហាមួយចំនួន ដើម្បីឱ្យមានការរីកចម្រើនឈានទៅមុខជាបន្តបន្ទាប់៕