(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ និងនាយកដ្ឋានការកសាងសន្ដិភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ នៃ JICA នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំរវាងក្រុមបេសកកម្មប្រឹក្សាយោបល់ជប៉ុន និងមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ស្តីពីសហប្រតិបត្តិការ បច្ចេកទេសជប៉ុន សម្រាប់ពង្រឹងតួនាទីអង្គភាព CMAC។
ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ និងលោក SAKANE Koji ប្រធាននាយកដ្ឋានការកសាងសន្តិភាព និងការកសាងហេដ្ឋារចនាសម្ពន្ធ័ឡើងវិញ នៃ JICA ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពិធីនេះធ្វើនៅ បញ្ជាការស៊ីម៉ាក់ រាជធានីភ្នំពេញ។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងកិច្ចសហប្រតិបតិ្តការបច្ចេកទេសនេះ មានរយៈពេល៤ឆ្នាំ (ខែកុម្ភៈ ឆ្នាំ២០២០-ខែកុម្ភៈ ឆ្នាំ២០២៤) គោលដៅសំខាន់ នៃគម្រោងនេះ គឺដើម្បីជួយពង្រឹងតួនាទី អង្គភាព ស៊ីម៉ាក់ ឲ្យចូលរួមធ្វើឲ្យបានសម្រេចគោលដៅផែនការជាតិ សកម្មភាពមីនរបស់រាជរដ្ឋភិបាល ក្នុងការបេ្តជ្ញាសម្រេចអនុសញ្ញាអូតាវ៉ា នៅឆ្នាំ២០២៥ និងពិសេសពង្រឹងសមត្ថភាព និងតួនាទីស៊ីម៉ាក់ បន្តការងាររបស់ខ្លួនក្រោយឆ្នាំ២០២៥ ទាំងការងារក្នុងប្រទេស ក្នុងតំបន់ និងក្នុងឆាកអន្តរជាតិ។
បើតាមលោក ហេង រតនា គម្រោងនេះរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជូនតាមសំណើររបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អង្គភាពស៊ីម៉ាក់ នៅអ្វីដែលស៊ីម៉ាក់ខ្វះខាត មិនថាលើការងារផ្សព្វផ្សាយ ឬការងារបច្ចេកទេសនោះឡើយ។
តាមគោលដៅ នៃការអនុវត្តគម្រោងនេះ គឺជប៉ុនជួយពង្រឹងទាំងធាតុទន់ និងធាតុរឹង រួមមានការកសាង និងចងក្រងឯកសារបច្ចេកទេស បំពាក់សម្ភារបច្ចេកទេស និងជាពិសេសទំនាក់ទំនង កិច្ចសហប្រតិបតិ្តការអន្តរជាតិត្បូង-ត្បូង៕