(ស្វាយរៀង)៖ យ៉ាងហោចណាស់មានកម្មករ ២នាក់បានស្លាប់ និងកម្មករ-កម្មការិនី ៣១នាក់ ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករមួយគ្រឿង ស្ថិតនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតៃកុងបើកបរខ្វះការប្រុងប្រយ័ត្ន។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កម្មករ-កម្មការិនីក្នុងរថយន្តសរុបមានចំនួន ៣៣នាក់ ក្រោយជួបគ្រោះថ្នាក់ ពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូចំនួន ១៧នាក់ ប៉ុន្តែជាអកុសលពួកគេ ២នាក់ ក្នុងចំណោមនោះបានស្លាប់បាត់បង់ជីវិត។ ក្រៅពីនោះ មាន១៦នាក់ទៀត ត្រូវបានបញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ភ្នាក់ងារបេឡាជាតិរបបសន្តិសង្គមប្រចាំការនៅមន្ទីរពេទ្យបង្អែកទាំង២ និងប្រចាំនៅខេត្តស្វាយរៀង កំពុងចាំសម្របសម្រួលជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យ។
យោងតាមការឱ្យដឹងពីកម្មករបានឲ្យដឹងថា នៅព្រឹកមិញនេះ រថយន្តដែលពួកគេជិះបានក្រឡាប់បីបួនត្រឡប់ បានបណ្តាលឲ្យកម្មករ-កម្មការិនីស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត មូលហេតុដោយសារតៃកុងទើបរៀនបើកបរបាន ២ថ្ងៃ ខ្វះការប្រុងប្រយ័ត្ន ទើបជួបគ្រោះថ្នាក់បែបនេះតែម្តង៕