(កំពង់ស្ពឺ)៖ សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី លើទំហំដីប្រមាណ៦ហិចតា ស្ថិតនៅភូមិក្របីត្រាំ ឃុំជម្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ក្រោមទុនវិនិយោគ ខ្ទង់លានដុល្លារ បានសម្ពោធបើកលក់ និងកក់ជាផ្លូការហើយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពអភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ។
អភិបាលខេត្ដកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា ក្រោមម្លប់នៃសន្ដិភាព បានផ្ដល់ឱកាសដល់ប្រជាជនកម្ពុជាយើង ប្រកបកិច្ចការងាររកស៊ីបានយ៉ាងប្រសើរ ជាពិសេសមានលទ្ធភាព អាចវិនិយោគរកស៊ី និងជួយអភិវឌ្ឍក្នុងស្រុករបស់ខ្លួនតែម្ដង។ ជាក់ស្ដែង ដូចក្នុងគម្រោងរបស់ក្រុមហ៊ុន ឈិន សេង ដែលសាងសង់នូវសំណង់ផ្ទះល្វែង និងផ្សារដែលផ្ដល់លក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រកបការលក់ដូរ កាន់តែទំនើប និងមានភាពងាយស្រួល។
លោកបន្ដថា «គម្រោងខាងលើនេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋយើង ដែលនៅជុំវិញនេះ សូម្បីតែបងប្អូនយើងដែលគ្មានចំណេះជំនាញ ក៏មានការងារធ្វើរកប្រាក់ចំណូលចូលផ្ទះបានដែរ តាមរយៈការងារផ្សេងៗ រួមទាំងផ្នែកអនាម័យជាដើម»។
អភិបាលខេត្ដកំពង់ស្ពឺ បន្ដថា «ទឹកដីខេត្ដកំពង់ស្ពឺ អាចនិយាយបានថា ជាទឹកដីកំពុងមានសក្ដានុពល ដោយសារតែស្ថានភាពភូមិសាស្ដ្រមានផ្លូវ សម្រាប់ការដឹកជញ្ជូន ទៅកាន់កំពង់ផែកំពង់សោម ក្រុងព្រះសីហនុ ទៅព្រលានយន្ដហោះ ដែលជាកត្ដាដែលធ្វើឱ្យអ្នកវិនិយោគចង់បាន។ បច្ចុប្បន្ននេះ អ្នកវិនិយោគមកកម្ពុជា មកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៅលើពិភពលោក សម្រាប់ទឹកដីនៅខេត្ដកំពង់ស្ពឺ គឺមានអ្នកវិនិយោគរហូតដល់ទៅ៤៥ប្រទេស ភាគច្រើនជាជនជាតិចិន»។
លោកបន្តថា «មកដល់ពេលនេះ នៅខេត្ដកំពង់ស្ពឺ មានរោងចក្រ ចំនួន២៥១ កំពុងដំណើរការ និងមានសហគ្រាស ៦,៤០០មូលដ្ឋាន, កម្មករ-កម្មការិនី ដែលជាពលរដ្ឋនៅកំពង់ស្ពឺផ្ទាល់មានចំនួន ជាង១២ម៉ឺននាក់ ដែលកំពុងបម្រើការងារនៅតាមបណ្ដាលរោងចក្រ សហគ្រាស នៅទីនេះ។ បើយើងគិតថា ក្នុងម្នាក់ទទួលបានប្រាក់ខែក្នុងមួយខែ ត្រឹមតែ១លានរៀល ដូចនេះថវិកា១២ម៉ឺនលានរៀល ចូលទៅក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋយើង»។
ជាមួយគ្នានោះដែរ លោកស្រី ឈិន ទូច ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឈិន សេង ក៏បានលើកឡើងផងដែរថា ដោយសម្លឹងឃើញនូវសក្ដានុពលទឹកដីនៃខេត្ដកំពង់ស្ពឺនេះហើយ ជាពិសេសនៅនៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺនេះតែម្ដង ដែលជាទីប្រជុំជន ហើយនៅតាមផ្លូវជាតិលេខ៣ ជាតំបន់ឆ្លងកាត់ដ៏ល្អ។
លោកស្រីបន្ដថា «ដោយអនុលោមតាមកម្មវិធីនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា, អាជីវកម្មនៃសំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មីនេះ ដែលជាសមិទ្ធផលថ្មីមួយទៀតនៃ វិស័យឯកជន ចេញមកពីកម្មវិធីនយោបាយ នៃគណបក្សប្រជាជនកម្ពុជា គឺការពង្រឹងវិស័យឯកជនជំរុញការវិនិយោគ និងធុរកិច្ចគួបផ្សំ និងការខិតខំប្រឹងប្រែង រកទទួលទានដោយសុចរិត ជាពិសេសការគោរពបញ្ញត្ដិ ស្ដីពីសារពើពន្ធ របស់ក្រុមគ្រួសារខ្ញុំ»។
លោកស្រីបន្ដថា «សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី មានទាំងផ្ទះ និងផ្សារ ដែលមានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ អាចប្រើប្រាស់បានគោរពគោលដៅ ច្រើនយ៉ាងពិសេស គឺរស់នៅដោយសុខដុមរមនា និងប្រកបដោយរបរចិញ្ចឹមជីវិត ក្នុងទីផ្សារសេរីដ៏ងាយស្រួលទៀតផង ។ គម្រោងទាំងមូលនេះ សាងសង់លើផ្ទៃដីចំនួនជាង៦ហិចតា ប្រើរយៈពេលសាងសង់ប្រហែល៤ឆ្នាំ ដោយបានការជួយឧបត្ថម្ភចង្អុលបង្ហាញណែនាំ បង្ករលក្ខណៈ ងាយស្រួល។ ចំពោះផ្ទះល្វែងមានពីគម្រោង ដោយគម្រោងទី១ មានផ្ទះល្វែងចំនួន ២៥៣ល្វែង រីឯផ្សារត្រាំខ្នារថ្មីនេះវិញ ចែកចេញជាពីរប្រភេទ គឺផ្សារស្ងួត និងផ្សារត្រី ក្នុងនោះ ផ្សារស្ងួតមានចំនួន ១៩៧តូប ហើយមកទល់នឹងពេលនេះ លក់ដាច់អស់ប្រហែល៨០% មុនថ្ងៃបើកសម្ពោធការលក់ជាផ្លូវការនេះ ហើយផ្សារត្រីមានចំនួន២១៤តូប លក់ដាច់៣០% ។អាជីវកម្មនេះ គឺកើតចេញពីការវិនិយោគ ក្នុងស្រុក១០០% ពោល គឺពុំមានវិនិយោគបរទេសនោះទេ»។
លោកស្រីជឿជាក់ថា សំណង់ដ៏រឹងមាំនេះ នឹងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារសេរី នៅក្នុងខេត្ដយើង រួមចំណែកកាត់បន្ថយភាពក្រីក្រ ជួយសម្រួលដល់ការប្រមូលផ្ដុំទំនិញ និងលក់ទំនិញកសិផល ដែលកសិករខេត្ដយើងផលិតបាន បង្កើនការងារ បង្កើនមុខរបរចិញ្ចឹមជីវិត និងរួមវិភាគការធ្វើឱ្យមុខមាត់ខេត្ដកំពង់ស្ពឺយើង៕