(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សំណល់ស្រស់ និងសំណល់ស្ងួតដែលគេប្រមូលបានពីក្នុងរមណីយដ្ឋានអង្គរ មួយចំនួនត្រូវបានយកទៅធ្វើជាជីកំប៉ុស្ដ ដោយរៀងរាល់ឆ្នាំគេផលិតបានដល់ទៅ ៨០តោន ហើយនៅឆ្នាំ២០២០ នឹងបង្កើនការផលិតឱ្យបាន ១៦០តោន ដែលនេះក៏ជាការបន្តយុទ្ធនាការប្រឆាំងការប្រើប្រាស់ផ្លាស្ទិក និងលើកកម្ពស់សោភ័ណភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរា បានបង្កើតស្ថានីយកសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្ម សម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។
លោកថា សំរាមជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ត្រូវបានកាត់បន្ថយតាមរយៈការដើរប្រមូលសំណល់ស្រស់ និងសំណល់ស្ងួតជារៀងរាល់ថ្ងៃ មកផលិតជាជីកំប៉ុស្ត៍ ដោយក្នុងមួយឆ្នាំផលិតបានចំនួន ៨០តោន ហើយសម្រាប់ផែនការអនាគត ស្ថានីយនេះនឹងបង្កើនការផលិតឱ្យបាន ១៦០តោន ក្នុងឆ្នាំ២០២០ ព្រមទាំងបង្កើតស្ថានីយផលិតជីកំប៉ុស្តនៅតាមកន្លែងផ្សេងទៀត ដូចជា នៅស្ថានីយបណ្តុះកូនឈើភូមិធម្មជាតិរុនតាឯកជាដើម។ ទន្ទឹមគ្នានេះ គោលការណ៍គ្មានផ្លាស្ទិកនេះ ក៏ត្រូវបានអនុវត្តនៅក្នុងសួនគ្រឿងទេស និងស្ថានីយស្ពានអង្គរនេះផងដែរ។
លោក យិត ចាន់ដារដ្ឋ បានបន្តថា អាជ្ញាធរជាតិអប្សរាក៏បានបញ្ជូនក្រុមការងារជាប្រចាំ ដើម្បីបញ្ជ្រៀបចំណេះដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃសំរាម ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងរមណីយដ្ឋានអង្គរ ដោយបង្រៀនពួកគាត់អំពីភូមិស្អាត រមណីយដ្ឋានស្អាត រួមទាំងផលប្រយោជន៍នៃការបែងចែក វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមទីកន្លែងកំណត់។
ពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០៤ ដោយអាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវគោលនយោបាយបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ដែលផ្តោតលើគោលការណ៍មួយចំនួន ដូចជា ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារទេសចរ ថែរក្សាស្ទឹង បឹងបួ ប្រឡាយ ព្រៃឈើ សម្បត្តិធម្មជាតិទាំងឡាយ ការបង្កើនការអប់រំ ផ្សព្វផ្សាយ ជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាឱ្យបានទូលំទូលាយ និងការចូលរួមសកម្មភាពបរិស្ថានពីសំណាក់មន្រ្តី បុគ្គលិក មហាជន និងស្ថាប័នពាក់ព័ន្ធ។ល។
តាមរយៈគោលការណ៍នេះ បានធ្វើឱ្យអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO 14001 ចំនួន៥លើកផ្ទួនគ្នាពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។
អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងភ្ញៀវទេសចរជាតិទាំងអស់ ឱ្យចូលរួមទប់ស្កាត់ការប្រើប្រាស់ផ្លាស្ទិក ការវេចខ្ចប់ និងទុកដាក់សំរាមត្រឹមត្រូវទៅតាមទីតាំងកំណត់ ដើម្បីបញ្ជៀសការប៉ះពាល់ដល់បរិស្ថាន និងបង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពស្រស់ត្រកាល៕