(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានមួយអំពាវនាវ ដល់សាធារណជនឲ្យប្រយ័ត្នចាញ់បោក ក្រុមហ៊ុនភ្នំពេញកម្ចីអាជីវកម្ម ខូ អិលធីឌី ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដានេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា «ថ្មីៗនេះមានក្រុមហ៊ុន ភ្នំពេញកម្ចីអាជីវកម្ម ខូ អិលធីឌី បានផ្សព្វផ្សាយព័ត៌មានមិនពិត បានប្រើប្រាស់រូបថតសមាជិកក្រុមប្រឹក្សាភិបាល និងទ្បូហ្គោរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងគោលបំណងក្លែងបន្លំ និងបំផ្លើសការពិត ដើម្បីទាក់ទាញការគាំទ្រពី សាធារណជននៅលើបណ្តាញសង្គមហ្វេសបុករបស់ខ្លួន ដែលមានរូប និងស្លាកសញ្ញាមួយចំនួន»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា «យើងខ្ញុំពុំមានទំនាក់ទំនងណាមួយ ជាមួយក្រុមហ៊ុន ភ្នំពេញកម្ចីអាជីកម្ម ខូ អិលធីឌី នេះទេ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាពិចារណា និងប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានផ្សេងៗ ដែលផ្សព្វផ្សាយដោយក្រុមហ៊ុននេះ ដើម្បីជៀសវាងការបោកប្រាស់ ដោយប្រការណាមួយ»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមបដិសេធទាំងស្រុងចំពោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រើប្រាស់រូបថតសមាជិកក្រុមប្រឹក្សាភិបាល និងទ្បូហ្គោសមាគមរបស់ក្រុមហ៊ុន ភ្នំពេញកម្ចីអាជីកម្ម ខូ អិលធីឌី។ ជាមួយគ្នានេះសមាគមកំពុងរៀបចំ ចាត់វិធានការផ្លូវច្បាប់ ចំពោះការក្លែងបន្លំព័ត៌មានរបស់ក្រុមហ៊ុន មកលើសមាគមតាមនីតិវិធីច្បាប់ជាធរមាន។
សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលតំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ជាសមាជិកសមាគមចំនួន៩៦ បាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុ ស្របច្បាប់ជូនប្រជាជនកម្ពុជាប្រមាណ២លានគ្រួសារ នៅក្នុង២៥ រាជធានី ខេត្ត-ក្រុងប្រទេសកម្ពុជា៕