(ភ្នំពេញ)៖ ក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល និងក្រុមហ៊ុន ម៉ារីន បេ ឃែភីថល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខារួមគ្នាលើការវិនិយោគវិស័យដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់ជាង ៥លានដុល្លារអាមេរិក ដើម្បីរួមចំណែកធ្វើឱ្យវិស័យដឹកជញ្ជូននៅប្រទេសកម្ពុជា មានការរីកចម្រើនថែមមួយកម្រិតទៀត។
ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal ដែលត្រូវបានចុះហត្ថលេខាដោយលោកស្រី សែ លីលី សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល និងលោក ថៃ ឧត្តម ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនម៉ារីន បេ ឃែភីថល ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ធ្វើជាសាក្សីផងដែរ។
ក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ដែលជាក្រុមហ៊ុនមានសក្តានុពលមួយនៅកម្ពុជា លើការអភិវឌ្ឍអចលនទ្រព្យ និងគម្រោងទីក្រុងវៃឆ្លាត (Smart City) បានធ្វើការវិនិយោគ និងបណ្តាក់ទុនជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីត្រៀមចូលក្នុងទីផ្សារភាគហ៊ុននៅញូវយ៉ក នៅក្នុងឆ្នាំ២០២៥ ខាងមុខ។
ក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល មិនត្រឹមតែជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យតែមួយមុខនោះទេ តែក្រុមហ៊ុនកំពុងពង្រីកសក្តានុពលរបស់ខ្លួន ដោយបន្តវិនិយោគលើសេវាកម្មដឹកជញ្ជូន បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។ ក្រុមហ៊ុនមានចក្ខុវិស័យបង្កើតទីក្រុងវៃឆ្លាតដំបូងគេនៅកម្ពុជា ដែលជាទីក្រុងពាណិជ្ជកម្មមានតំបន់ទេសចរណ៍ធម្មជាតិ ជាទីក្រុងវប្បធម៌មានបរិស្ថានពណ៌បៃតង គាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល លើផ្នែកទេសចរណ៍ វប្បធម៌ បរិស្ថាន និងលំនៅដ្ឋាន។
ក្រុមហ៊ុន ម៉ារីន បេ ឃែភីថល ជាក្រុមហ៊ុនទី១៨ ដែលក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល បានចុះហត្ថលេខាវិនិយោគជាមួយ។ ក្រុមហ៊ុនទាំងពីរជឿជាក់ថា ពិធីចុះហត្ថលេខា និងចាប់ដៃគូវិនិយោគនេះនឹងធ្វើឱ្យមានការរីកចម្រើន ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសថែមមួយកម្រិតទៀត។
ក្រុមហ៊ុន ម៉ារីន បេ ឃែភីថល ជាក្រុមហ៊ុនដឹកជញ្ជូន និងភស្តុភាបែបទំនើបនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យា និងឧស្សាហកម្មជំនាន់ថ្មី។ ក្រុមហ៊ុនបានប្តេជ្ញាថា នៅថ្ងៃអនាគតនឹងក្លាយទៅជាក្រុមហ៊ុនដឹកជញ្ជូនធំជាងគេបង្អស់នៅកម្ពុជា។
សូមបញ្ជាក់ថា លោកស្រី សែ លីលី ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល និងជាសមាជិកវ័យក្មេងជាងគេនៃសមាគមនាយកប្រតិបត្តិវៃក្មេង ហៅកាត់ថា YPO Cambodia ដែលសមាគមនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ ហើយសព្វថ្ងៃមានបណ្តាញថ្នាក់នាយកក្រុមហ៊ុនធំៗ មកពី១៣០ប្រទេស ដែលមានប្រាក់ចំណូលប្រចាំឆ្នាំ៩ សែនកោដិដុល្លារសហរដ្ឋអាមេរិក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺថ្មីៗនេះក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ក៏បានរៀបចំគម្រោងទីក្រុងរណបវៃឆ្លាតថ្មីមួយ ហៅថា «អៃ ស៊ីធី» ផងដែរ។
លោក ថៃ ឧត្តម បានឱ្យដឹងថា ក្រុមហ៊ុនម៉ារីន បេ ឃែភីថល មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យដឹកជញ្ជូន។ លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំធ្វើឱ្យមានការផ្លាស់ប្តូរក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្កានុពល ហើយលោកក៏ជាសមាជិកមួយរូប នៃសមាគមនាយកប្រតិបត្តិវ័យក្មេងផងដែរ៕