(កោះកុង)៖ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) បានដឹកនាំប្រតិភូនៃគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ លោកស្រី មិថុនា ភូថង អភិបាលខេត្ត រួមជាមួយនឹងប្រធានមន្ទីរទាំង៤ ក្នុងបន្ទុកគណៈកម្មការ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ានី ថ្លែងថា ការអភិវឌ្ឍនានាតាមមូលដ្ឋានតែងតែមានបញ្ហា និងការប្រឈម ដូចនេះទាមទារឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញទាំងអស់ បន្តរួមគ្នាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរកែច្នៃបញ្ហាប្រឈម ឱ្យក្លាយទៅជាឱកាស ដើម្បីជាផលប្រយោជន៍ និងជាអាទិភាព សម្រាប់ ប្រជាជន។
លោកប្រធានគណៈកម្មការ បានលើកទឹកចិត្ត ឲ្យរដ្ឋបាលខេត្ត ធ្វើការវិនិច្ឆ័យ វាយតម្លៃស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន កំណត់នូវបញ្ហាប្រឈមនានា ដាក់ចេញនូវគោលដៅសកម្មភាព ឱ្យបានច្បាស់លាស់ ដើម្បីស្នើជាដំណោះស្រាយ ពីថ្នាក់ជាតិឲ្យចំគោលដៅ ព្រោះគោលការណ៍ណែនាំថា្នក់ជាតិ ដែលដាក់ចេញឱ្យអនុវត្តជារួមនោះ មិនប្រាកដថាត្រូវនឹងបរិបទក្នុងខេត្ត ទាំងស្រុងនោះឡើយ។
ផ្តើមឡើងដោយការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក របស់រដ្ឋបាលខេត្ត ជាពិសេសរបស់មន្ទីរពាក់ព័ន្ធ គណៈប្រតិភូ បានឈ្វេងយល់កាន់តែច្បាស់ ពីស្ថានភាពជាក់ស្តែង ក្នុងវិស័យនីមួយៗ ដោយក្តាប់យកនូវភាពខ្លាំង និងបញ្ហាប្រឈមនៃវិស័យក្នុងបន្ទុក ក៏ដូចជាយន្តការក្នុងការអនុវត្ត ការងាររបស់មន្ទីរនីមួយៗ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។
គណៈកម្មការទី៧ បានកត់សម្គាល់នូវបញ្ហាប្រឈម នៃស្ថានភាពអប់រំនៅក្នុងខេត្ត តាមបណ្តោយព្រំដែន ជាពិសេសខេត្តកោះកុងផ្ទាល់ ដោយគណៈកម្មការបានផ្តោតការពិភាក្សាលើ គុណភាពនៃការផ្តល់ការអប់រំ កត្តាបោះបង់ការសិក្សារបស់សិស្ស និងការធ្វើចំណាកស្រុក ទៅសិក្សានៅប្រទេសជិតខាង។
ផ្អែកលើបទពិសោធន៍តាមបណ្តាខេត្តកន្លងមក និងជាពិសេសខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អនុប្រធានគណៈកម្មការ បានសំណូមពរឱ្យរដ្ឋបាលខេត្ត និងប្រធានមន្ទីរអប់រំ ធ្វើការតាមដាន ការអនុវត្តការងាររបស់មន្ត្រីអប់រំ និងបន្តចុះអធិការកិច្ចលើកម្មវិធីសិក្សា ការបង្រៀនឱ្យបានជាប្រចាំ និងទៀតទាត់។ ទន្ទឹមនឹងនោះ ដោយសារតែខេត្តជាប់ព្រំដែន ងាយរងការហូរចូល នូវវប្បធម៌នៃប្រទេសជិតខាង លោកស្រីក៏បានលើកទឹកចិត្ត ឱ្យមានការបណ្តុះបណ្តាល និងផ្តល់ការអប់រំផ្សារភ្ជាប់ទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាចាំបាច់ ទៅដល់កុមារ កុមារី ជាពិសេសយុវជនគ្រប់ៗរូប។
គួររំលឹកផងដែរថា ខេត្តកោះកុង ជាខេត្តទី២០ នៃបេសកកម្មរាជធានីខេត្ត ឆ្នាំ២០១៩ របស់គណៈកម្មការទី៧ នៃរដ្ឋសភា។ បេសកកម្មនេះមានគោលបំណង៖ (១)៖ ដើម្បីស្វែងយល់ ពីសភាពការណ៍ជាក់ស្តែង នៃការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តការងារ នៃបណ្តាវិស័យជំនាញដែលស្ថិតក្នុងសមត្ថកិច្ច, (២)៖ ជួបសំណេះសំណាល ផ្តល់អនុសាសន៍ និងសិក្សាបញ្ហាប្រឈមផ្សេងៗ របស់មន្ទីរជំនាញ, និង (៣)៖ បង្កើនភាពស្និទ្ធស្នាលជាមួយមន្ត្រីមូលដ្ឋាន និងប្រជាជនតាមរយៈការពិភាក្សា និងការចុះទស្សនកិច្ច សំណេះសំណាលនៅទីតាំងផ្ទាល់។
ឆ្លៀតក្នុងបេសកកម្មនេះផងដែរ លោក ហ៊ុន ម៉ានី ក៏បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការទី៧ នៃរដ្ឋសភា ធ្វើទស្សនកិច្ចនៅរមណីយដ្ឋាន ទេសចរធម្មជាតិពាមក្រសោប ដើម្បីស្វែងយល់បន្ថែម ពីស្ថានភាពទេសចរណ៍ និងសិក្សាពីភាពជាគម្រូ នៃរមណីយដ្ឋាននេះ ដែលអាចជាព័ត៌មាន ជាមេរៀន ឬជាចំណុចល្អៗ ដើម្បីចែករំលែក ជូនដល់តំបន់ទេសចរណ៍ដទៃទៀត៕