(ភ្នំពេញ)៖ អនិច្ចជនកូនខ្មែរ កាត់អាមេរិកម្នាក់ បានសម្រេចចិត្តបើកហាងតែគុជ R&B Tea Cabodia ដោយបានសម្រេចចិត្ត ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនភេជ្ជៈ R&B ដែលជាក្រុមហ៊ុនបើកលក់ភេជ្ជៈ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជននៅទូទាំងពិភពលោក ដើម្បីនាំយក Brand R&B មកបើកលក់ភេជ្ជៈ តែគុជ និងទឹកផ្លែឈើ ដែលមានគុណភាពខ្ពស់ជូនដល់អតិថិជននៅកម្ពុជា។
ពីធីបើកសម្ភោធហាង R&B Tea cambodia រួមជាមួយនឹងពីធី ចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន R&B បានធ្វើឡើងនៅសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅទីតាំងហាង R&B Tea cambodia នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក Bruss អគ្គនាយកក្រុមហ៊ុន R&B បានលើកឡើងដែរថា ក្រុមហ៊ុន R&B បានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន រហូតមកដល់ពេលនេះ គឺបង្កើតបានជាច្រើនកន្លែងនៅទូទាំងពិភពលោក ហើយនៅពេលឆាប់ៗនេះក្រុមហ៊ុន R&B មានគម្រោងបង្កើតនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនទៀត ដូចជា អូស្ត្រាលី កាន់ណាដា និងជប៉ុនថែមទៀតផង។ លោកក៏បានប្តេជ្ញាបង្កើត ប្រែនភេជ្ជៈ R&B នេះឱ្យបានល្បីល្បាញដូចជាប្រែន Apple ដែលកំពុងតែល្បីល្បាញនាពេលបច្ចុប្បន្ននេះផងដែរ។
កញ្ញា សូ លីលី ម្ចាស់ហាងតែគុជ R&B Tea Cabodia បានលើកឡើងថា R&B Tea គឺមាននៅជាប្រទេសទូទាំងពិភពលោក គឺមាននៅអាមេរិក សឹងហ្គាពួ ចិន វៀតណាម ហើយនៅឆ្នាំបន្ទាប់ទៀតនេះ និងមាន អូស្ត្រាលី កាន់ណាដា និងជប៉ុនថែមទៀតផង ហើយជាក់ស្តែងនៅពេលនេះគឺមាននៅក្នុងប្រទេសកម្ពុជាយើងហើយ។ កញ្ញា បន្ថែមថា ទីផ្សារនៅក្នុងស្រុកខ្មែរ ក្នុងការលក់តែគុជ R&B Tea គឺពិតជាល្អណាស់ ព្រោះបច្ចុប្បន្ននេះ ដោយមើលឃើញថា ក្មេងៗនៅកម្ពុជា ភាគច្រើនចូលចិត្តផឹកតែគុជ ហើយចំពោះតែគុជ R&B Tea នេះ គឺមានតម្លៃសមរម្យអាចឱ្យអតិថិជនទទួលយកបានគ្រប់ៗគ្នា។
កញ្ញា សូ លីលី បានបន្ថែមថា ភេជ្ជៈដែលមាននៅក្នុងហាងតែគុជ R&B Tea Cabodia នេះមានដូចជា តែគុជ និងទឹកផ្លែឈើ ហើយតែគុជ R&B គឺមានគុណភាពខ្ពស់ ចំពោះផ្លែឈើវិញ គឺគ្រប់ផ្លែឈើ គឺត្រូវតែស្រស់ទាំងអស់ និងល្អបំផុត ហើយចំពោះវត្ថុធាតុដើម ដូចជា ទឹកស្ករ ទឹកដោះគោ គឺបានធ្វើដោយខ្លួនឯងទាំងអស់ ជាមួយនឹងរបស់ស្រស់ៗ ដើម្បីតម្រូវឱ្យក្មេង និងមនុស្សចាស់អាចផឹកបានដូចៗគ្នា ជាមួយនឹងការធានាបាននូវសុវត្ថិភាព និងសុខភាពជូនដល់អតិថិជនផងដែរ៕