(ភ្នំពេញ)៖ នៅឆមាសទី១ (៦ខែ) នៃឆ្នាំ២០១៩ ទីផ្សារកម្ពុជារបស់ SCG ទទួលបានចំណូលពីការលក់ចំនួន៩០៦ប៊ីលានរៀល ឬស្មើនឹង២២៦លានដុល្លារអាមេរិក ដែលកើនឡើង១១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមុន ដែលចំណូលនេះមួយភាគធំ គឺបានមកពីធុរកិច្ចស៊ីម៉ងត៍-សម្ភារសាងសង់។ នេះបើយោងតាមរបាយការណ៍ របស់ក្រុមហ៊ុន SCG ដែលប្រកាសអំពីលទ្ធផល ប្រតិបត្តិការអាជីវកម្ម សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ និងឆមាសទី១ ឆ្នាំ២០១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ដោយឡែក គិតត្រឹមដំណាច់ត្រីមាសទី២ នៃឆ្នាំ២០១៩, SCG មានសាច់ប្រាក់ និងសាច់ប្រាក់ ស្ថិតក្រោមការគ្រប់គ្រងសរុប៥,៦៣៦ប៊ីលានរៀល (១,៣៨៥លានដុល្លារអាមេរិក) ស្របទៅតាមផែនការវិនិយោគ និងបរិយាកាសធុរកិច្ចមិនប្រាកដប្រជា។ នេះរាប់បញ្ចូលទាំងការពិនិត្យឡើងវិញ ទៅលើគម្រោងវិនិយោគនានាដែល SCG ផ្ដោតសំខាន់លើគម្រោង ដែលអាចបង្កើតតម្លៃបន្ថែមបានលឿនរហ័ស។

ក្រៅពីនេះ ក្រុមហ៊ុនបានបង្កើនប្រសិទ្ធផលថាមពល ដោយជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងរោងចក្រ។ គំនិតផ្ដួចផ្ដើមនានារួមមាន៖ ការដំឡើងបន្ទះសូឡានៅតាមរោងចក្រ ដែលអាចផលិតអគ្គិសនីបាន៧៧មេហ្គាវ៉ាត់ ដោយកាត់បន្ថយការប្រើប្រាស់ ប្រភពថាមពលខាងក្រៅ និងសន្សំសំចៃបានប្រហែល៤៥ប៊ីលានរៀល (១១លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។

កម្មវិធីមួយទៀត គឺយុទ្ធសាស្ត្របំលែងសំណល់ទៅជាថាមពល ដូចជាការបង្កើតថាមពលពីសំណល់ នៅក្នុងរោងចក្រផលិតក្រដាស។ វិធានការនេះ អាចផលិតអគ្គិសនីបាន ៩.៦មេហ្គាវ៉ាត់។ ជាមួយគ្នានេះដែរ, SCG បានខិតខំធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រសិទ្ធភាពនៃការផលិត និងការកាត់បន្ថយចំណាយ ដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប។

លើសពីនេះ SCG បានអនុវត្តកិច្ចសហប្រតិបត្តិការ នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ទន្ទឹមនឹងការវិនិយោគ លើអាជីវកម្មចាប់ផ្ដើមថ្មីនេះ SCG បានលើកទឹកចិត្ត ឲ្យមានអាជីវកម្មចាប់ផ្ដើមថ្មី នៅក្នុងក្រុមហ៊ុន និងកសាងកិច្ចសហប្រតិបត្តិការច្រើនថែមទៀត ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាស៊ីជម្រៅ ដើម្បីសម្រួលដល់ប្រតិបត្តិការ របស់គ្រប់អង្គភាពធុរកិច្ចស្នូលទាំងអស់របស់ SCG ។

សូមបញ្ជាក់ថា ដោយផ្អែកលើរបាយការណ៍ ប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ SCG នៅក្នុងប្រទេសកម្ពុជា មានទ្រព្យសរុបជាទឹកប្រាក់ ១,៥៣៣ប៊ីលានរៀល (ឬស្មើនឹង ៣៧៧លានដុល្លារអាមេរិក) ៕