(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ «មរតកតេជោ» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តន៍អភិក្រមទី៥ គឺអភិក្រម «វះកាត់» ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តងចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ «អត់មានតទៀតទេណា ប្រាប់ឱ្យហើយ។ ពីថ្ងៃនេះទៅបញ្ជូនអង្គភាពប្រឆាំងអំពើពុករលួយចាប់ត្រង់ៗហ្មង ចាប់យកត្រង់ៗហ្មង មិនចាំបាច់មកតាមខ្សែទេ អាហ្នឹងបោកឆៅហ្មង»។
ការប្រព្រឹត្តអំពើពុករលួយ ត្រូវបានគេរកឃើញថា ជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មន្ត្រីប្រព្រឹត្តអំពើពុករលួយនេះមិនត្រឹមតែដកតំណែងគេនោះទេ តែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ «អភិក្រមទី៥ ត្រូវបានអនុវត្តន៍ដោយគ្មានការលើកលែង។ បើមិនអ៊ីចឹងខូច បំផ្លាញជាតិ បំផ្លាញរដ្ឋបាលរបស់ ហ៊ុន សែន ហើយកុំត្រឹមតែដកតំណែង ទ្រព្យសម្បត្តិហ្អែងប៉ុន្មាន មើលអាហ្នឹងទៀត តាមវាឱ្យដល់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំផ្ទាល់ដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅចាប់ខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីទាំង៣រូបនោះ រួមមាន៖ ទី១. ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ទី២. ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងទី៣. ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
បើតាមសម្តេចតេជោ ហ៊ុន សែន, មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានបន្លំខ្លួនជាអ្នកវិនិយោគទៅចរចាក្នុងការផ្តល់លុយជូនមន្ត្រីពុករលួយទាំង៣រូបនេះ ហើយនៅថ្ងៃប្រគល់លុយ គឺចាប់ខ្លួនតែម្តង៕