(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត ឬ AMT) បានលើកឡើងថា សូមឲ្យការចុះអនុស្សារណៈយោគយល់គ្នា (MOU) នៅលើឯកសារត្រូវប្រែក្លាយជាការអនុវត្តសម្រាប់ប្រយោជន៍និស្សិត។

ការលើកឡើងបែបនេះ ខណៈដែលលោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.តឬAMT) និងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គុនមិញ និងក្រុមហ៊ុន អង្គរអ៉ីនធើណេសិនណលអ៊ែរផតអ៉ីនវេសម៉ិន (ខេមបូឌា) និងសមាគមមិត្តអតីតនិស្សិតចិននៅក្រៅប្រទេស។

លោកប្រធានបានបន្តថា ផលប្រយោជន៍ នៃការចុះអនុស្សារណយោគយល់គ្នានាពេលនេះ គឺជាការភ្ជាប់ទំនាក់ទំនងស្ថាប័នទាំង៣ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងជាការបើកច្រកដើម្បីឱ្យយុវជនមានឱកាសកសាងអនាគត ព្រោះពួកគេមិនខុសពីកូនចៅរបស់យើងនោះទេ ពួកគេគឺជាកូនចៅរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប្រទេសកម្ពុជាបើប្រៀបធៀបទៅនឹងប្រទេសដទៃ គឺមនុស្សវ័យក្មេងមានចំនួនច្រើន។ ដូច្នេះដើម្បីធានាការជំរុញការអភិវឌ្ឍ បរិមាណមួយមុខគឺមិន គ្រប់គ្រាន់នោះទេ គុណភាពគឺសំខាន់ណាស់ ដើម្បីជំរុញឲ្យមានការអភិវឌ្ឍឲ្យបានលឿន។ ដូច្នេះលោកសូមថ្លែងអំណរគុណអង្គភាពទាំងបីខាងលើដែលជួយជ្រោមជ្រែងសហប្រតិបត្តិការ និងព្យាយាមទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងសមាគម ( អ ម ត ឬ AMT)ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងផ្សារភ្ជាប់រវាងនិស្សិតកម្ពុជា-ចិន ដែលនេះគឺស្របនឹងគោលការណ៍របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»

តំណាងស្ថាប័នទាំង៣ នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវភាពសប្បាយរីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលគម្រោងបណ្ដុះបណ្ដាល និស្សិតកម្ពុជា នៅប្រទេសចិនគឺជាគម្រោងសប្បុរសធម៌មួយដែលជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ មាននិស្សិតទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅសិក្សានៅប្រទេសចិនក្រោមការ សម្របសម្រួលរបស់គណៈកម្មាធិការបានចំនួន១៤១នាក់ ក្នុងនោះបរិញ្ញាបត្រចំនួន៨៥នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥៤នាក់ និងបណ្ឌិតចំនួន២នាក់៕