(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដល់ទីក្រុងអង់ការ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងកម្ពុជា។
នៅពេលអញ្ជើញដល់ទីក្រុងអង់ការ៉ា សម្ដេចក្រឡាហោម ស ខេង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោក Tayyip Sabri Erdil អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។
កិច្ចទទួលស្វាគមន៍នោះ លោក Tayyip Sabri Erdil បានសម្តែងសេចក្តីសប្បាយរីករាយ និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង និងគណៈប្រតិភូនាពេលនេះ នឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ដោយស្របតាមគោលការណ៍ របស់ប្រមុខដឹកនាំប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយប្រធានាធិបតីសាធារណរដ្ឋតួកគី នាពេលកន្លងមក។
ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់លោក SULEYMAN SOYLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី ដែលបានអញ្ជើញគណៈប្រតិភូកម្ពុជា មកបំពេញទស្សនកិច្ចនាពេលនេះ ហើយបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជានាពេលនេះ ក៏ជាបង្ហាញពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស គឺវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលការណ៍ឯកភាពរបស់ប្រមុខដឹកនាំរដ្ឋាភិបាល ប្រទេសទាំងពីរផងដែរ។
ដំណើរទស្សនកិច្ចនេះ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅថ្ងៃទី៣០ ខែកក្កដាស្អែកនេះ៕