(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចបានសម្រេចជ្រើសយកលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី សម្រាប់ធ្វើជាបេក្ខភាព អគ្គលេខាធិការអាស៊ាន នៅឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងយ៉ាងដូច្នេះ ធ្វើនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

ប្រមុខនៃរាជរដ្ឋាភិបាល បានចាត់ទុកថា លោក កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើជាបេក្ខភាព អគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា ខណៈបច្ចុប្បន្នអគ្គលេខាធិការអាស៊ាន ជាឥស្សរជនរបស់ប្រទេសព្រុយណេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឯកឧត្តម កៅ គឹមហួន ដែលជារដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី ដែលខ្ញុំគ្រោងជាបេក្ខភាព ជាអគ្គលេខាធិការអាស៊ាន នៅឆ្នាំ២០២៣ ព្រោះបេក្ខភាពមានបី សម្រាប់ជាអគ្គលេខាធិការអាស៊ានដល់វេនកម្ពុជា ហើយដែលខ្ញុំអាចបង្ហាញជូន អស់លោកអ្នកឲ្យហើយ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅកាន់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវរៀបចំនីតិវិធី ដើម្បីបញ្ជូនឈ្មោះ លោក កៅ គឹមហួន ដែលជាអ្នកជំនាញលើកិច្ចការអន្ដរជាតិ ដើម្បីដើរតួជាអគ្គលេខាធិការអាស៊ាន។

នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។ នេះបើតាមការឲ្យដឹងពី លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

លោក កេត សោផាន់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ អគ្គលេខាធិការអាស៊ាន មានអាណត្តិរយៈពេល៥ឆ្នាំ ហើយត្រូវផ្លាស់វេនទៅតាមបណ្ដាប្រទេសជាសមាជិក។

សូមរំលឹកថា អាស៊ាន ត្រូវបានបង្កើតឡើងជាផ្លូវការ នៅក្នុងឆ្នាំ១៩៦៧ ហើយពេលនោះ អាស៊ាន មិនទាន់មានអគ្គលេខាដ្ឋាននៅឡើយនោះទេ ហើយអគ្គលេខាធិការដ្ឋាននេះ ទើបតែត្រូវបានបង្កើត នៅឆ្នាំ១៩៧៦ ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ សមាជិកអាស៊ាន មានចំនួន១០ប្រទេស រួមមាន៖ ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម៕