(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោកស្រី ង្វៀន ធីឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ខណៈលោកស្រីដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៅកម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យរឹងមាំរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ លោកស្រីប្រធានគណៈប្រតិភូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងជូបពិភាក្សាជាមួយលោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិមួយចំនួន នៅក្នុងនោះ មានការជំរុញឱ្យដំណើរកាន់តែប្រសើរឡើងនៃមន្ទីរពេទ្យ ចារៃភ្នំពេញ។
លោកស្រីង្វៀន ធីឡិ បានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា គំាទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។ ចំណែកទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងអភិវឌ្ឍន៍នេះ។
លោកស្រីអនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយម បានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រនិងការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងគំាទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួត រវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ សម្តេចបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទំាងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព រីកចម្រើនទំាងសងខាង ស្របតាមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្អិតរមួត និងយូអង្វែង»។
សម្តេចបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឱ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕