Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅតែបន្ត, ថ្ងៃនេះបង្ក្រាបបានរថយន្ដបាកុងសម្រាប់ដឹកឈើ រឹបអូសឈើ និងដុតបំផ្លាញម៉ូតូដឹកឈើ នៅខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង (Video inside)

29-07-2019 15:57

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះថា កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានស្រាវជ្រាវរកឃើញរថយន្ដបាកុង សម្រាប់ដឹកឈើ ចំនួន៦គ្រឿង ដែលគេលាក់ទុកក្នុងចំការនៅស្រុកឱវ៉ាល់។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី រថយន្ដទាំង៦គ្រឿងនេះ សមត្ថកិច្ចនឹងដុតបំផ្លាញចោលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ បន្ទាប់ពីបំពេញសំណុំរឿងចប់សព្វគ្រប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយត្រី ក៏បានបញ្ជាក់ថា សម្រាប់នៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី កម្លាំងសមត្ថកិច្ចបានរកឃើញឈើល្មើសច្បាប់ លាក់នៅក្នុងស្រះទឹក នៅភូមិហ្វាង ឃុំប៉ង ស្រុកវ៉ឺនសៃ ហើយរហូតមដកល់ពេលនេះជំនាញកំពុងអូសឈើឡើងវាស់វែង។ ដោយឡែក នៅថ្ងៃនេះ សមត្ថកិច្ចក៏បានដុតម៉ូតូកែច្នៃ ២គ្រឿងដឹកឈើខុសច្បាប់ផងដែរ។

សម្រាប់នៅខេត្តស្ទឹងត្រែងវិញ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើសុក្រម មេទ្វារ មុខ២៥ បណ្តោយ២.២ម៉ែត្រ ចំនួន៦សន្លឹក នៅចំណុចជិតគល់ស្ពានសេកុង។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕