(ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រង់និស្សិត អ.ម.ត ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា (ក្រុមទី២) ចំនួន១០០នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំដំណើរ ទស្សនកិច្ចសិក្សា ទៅកាន់រដ្ឋសភា ក្រោមប្រធានបទស្ដីពី «តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា» ដែលដឹកនាំដោយ លោកឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារទី២ តំណាងលោកឧកញ៉ា ឡាវ វ៉ាន់ ប្រធានក្រុមការងារទី២ ដោយមានការទទួលស្វាគមន៍ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោកឧកញ៉ាបណ្ឌិត ត្រាំង លី បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងធំរួមមាន៖ ផ្ដល់ឲ្យប្អូនៗនិស្សិត អ.ម.ត បានទទួលនូវចំណេះដឹងថ្មីៗ ស្ដីពីតួនាទីនិងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសមានឱកាស បានចូលទស្សនកិច្ចសា្ថប័នជាតិ កំពូលរបស់ជាតិ ជាស្ថាប័នតំណាងឱ្យឆន្ទៈរាស្ត្រ ដែលកើតចេញពីការបោះឆ្នោតដោយសើរ និងយុត្តិធម៌, ផ្ដល់ឱកាសឱ្យប្អូនៗនិស្សិត អ.ម.ត បានចូលរួមក្នុងកិច្ចការសង្គម បន្ទាប់ពីការសិក្សានៅក្នុងសាលា និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រុមការងារទី២ ក្នុងការបង្កើតនូវកម្មវិធីថ្មីៗ ជូនដល់ប្អូនៗ។
ជាមួយគ្នានោះ លោកឧកញ៉ាបណ្ឌិត ត្រាំង លី និងប្អូនៗនិស្សិតចំនួន១០០នាក់ បានថ្លែងអំណរគុណលោក ឡេង ប៉េងឡុង ដែលបានអនុញ្ញត ឱ្យក្រុមការងារទី២ នៃសមាគមនិស្សិតហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទស្សនកិច្ចសិក្សានៅរដ្ឋសភា។
សាកលវិទ្យាល័យជាតិគ្រប់គ្រង បានផ្តល់អាហារូបករណ៍ ជូនសម្តេចចាប់តាំងពីឆ្នាំ២០០៨មក មកទល់បច្ចុប្បន្ននេះ និស្សិត អ. ម. ព កំពុងសិក្សាគិត ពីឆ្នាំ២០១៥-២០១៨ មានចំនួន៣៨៣នាក់ នៅក្នុងនោះ មាននារី២០២នាក់ និងមានអតីតនិស្សិត គិតចាប់ពីឆ្នាំ២០០៨ មកត្រឹមឆ្នាំ២០១៤ មានចំនួន៤៤៩នាក់ នៅក្នុងនោះមាននារី២៥៥នាក់៕