(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានថ្លែងព្រមានជាថ្មីថា ទោះបីជាអ្នកណាចង់មក ឬមិនចង់មក (សំដៅទៅលើទណ្ឌិត សម រង្ស៉ី កំពុងសម្ងំខ្លួន នៅក្រៅប្រទេស ដែលប្រកាសថា នឹងចូលមកស្រុកខ្មែរ) សម្ដេចគ្មានទៅឈឺក្បាលនោះទេ មានអ្នកទោសប៉ុន្មាននាក់ចាប់តែប៉ុណ្ណឹង ទោះមកជាង១០០នាក់ក៏ដោយ ចាប់តែអ្នកមានទោសទេ។
ការព្រមានជាថ្មី របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រកាសចូលស្រុក របស់ទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បានភូតម្តងហើយម្តងទៀតថា លោកនឹងចូលមកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៩នេះ ហើយការចូលមកនេះ គឺដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងព្រមានជាថ្មី បែបនេះ នៅក្នុងឱកាសដែលសម្ដេច អញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «អារឿងបញ្ហាអាណាចូលស្រុក អាណាមិនចូលស្រុក ខ្ញុំមិនចាំបាច់និយាយបន្ដទេ ខ្ញុំឃើញសេចក្ដីប្រកាស របស់អគ្គស្នងការនគរបាលជាតិ ដូចជាមិនបាននិយាយស្នើសុំ ឲ្យបរទេសជួយចាប់អាមួយណានោះទេ ប៉ុន្ដែគេមានភារកិច្ចទទួលខុសត្រូវ ត្រឹមតែប្រតិបត្តិការក្នុងនេះ ដែលមានការសហការ ហើយកុំឲ្យអ្នកដែលមិនពាក់ព័ន្ធចូលរួម ព្រោះគេដោះស្រាយត្រឹមតែបញ្ហាជាមួយនិងអ្នក ដែលមានទោសជាប់និងខ្លួនតែប៉ុណ្ណោះ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «មក១០០នាក់ តែអាអ្នកមានទោសមានតែ២ ៣នាក់ ចាប់តែអា២ ៣ នាក់តាស អា១០០នាក់ ឲ្យវាចូលទៅ យើងគ្មានសិទ្ធិហាមឃាត់អ្នកណា មិនឲ្យចូលស្រុកខ្មែរទេ បញ្ហាស្ថិតត្រង់អ្នកឯង ទៅមិនព្រមមកតាស...អាលូវបើអ្នកឯងមកហើយ វាជាក្ដីសប្បាយ យើងទាំងអស់គ្នា ត្រូវត្រៀមស្វាគមន៍ ប៉ុន្ដែការស្វាគមន៍របស់យើង គឺដោយខ្នោះ ហើយលទ្ធផលនៃការតដៃ គឺស្គាល់ហើយ ថាត្រូវធ្វើយ៉ាងម្ដេចនោះ ខ្ញុំមិនចាំបាច់និយាយទេ»។
ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានផ្ដាំអ្នកដែលមិនទាន់ មានសិទ្ធិធ្វើនយោបាយ សុំកុំធ្វើនយោបាយ ហើយកុំចោទគេថា លួចស្ដាប់ លួចស្អី...អ្នកឯងនិយាយជាមួយអ្នកណា មិនប្រាកដថាអ្នកណុង ជាមនុស្សរបស់ អ្នកឯងទេ អ្នកឯងត្រូវយល់ឲ្យច្បាស់ទៅ...បច្ចុប្បន្ននេះ គេឡើងដល់ឋានព្រះច័ន្ទ អាចនិយាយជាមួយគ្នាចុះមកក្រោម គេចុះទៅបាត់សមុទ្រ គេនិយាយមកខាងលើបាន ចុះគ្រាន់តែប៉ុណ្ណឹងនិយាយមិនបាន។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា កម្ពុជាមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងប្រទេសថៃ ឬវៀតណាមនោះទេ ហើយនាយករដ្ឋមន្រ្តីប្រទេសថៃ ក៏ប្រកាសហើយដែរថា មិនឲ្យយកប្រទេសរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជានោះដែរ។
សូមបញ្ជាក់ថា ព័ត៌មាននៃការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី កំពុងតែផុសផុលតាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗពីសំណាក់មេដឹកនាំពួកគេ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជាពេលណានោះ។
តែយ៉ាងណាក៏ដោយ យោងតាមចរិកធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរមតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលំហូរនៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងគំហុកជាក់ស្ដែង៕