(ភ្នំពេញ)៖ ឆ្លើយតបនឹងការរិះគន់គ្មានមូលដ្ឋាន និងមិនសមហេតុផលមួយចំនួន ដែលលើកឡើងថា រាជរដ្ឋភិបាលកម្ពុជាខ្វះខាតថវិកា សម្រាប់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងសម្រាប់ប្រើប្រាស់ផ្សេងៗនោះ, នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ រាជរដ្ឋាភិបាលកម្ពុជា មិនមែនជារាជរដ្ឋាភិបាលអត់មាយាទនោះទេ ហើយថវិកាមិនមែនមានតែតួលេខនោះឡើយ គឺមានសាច់ប្រាក់ពិតប្រាកដ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញ ពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត ដែលមាននៅតាំងតំបន់លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមផ្តាំដល់អស់លោកអ្នកថា បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាពបើកប្រាក់ខែលើសពី១ឆ្នាំ។ ដល់ពេលនេះ ខ្ញុំនិយាយឲ្យអ្នកឯងបានភ្លឺភ្នែក ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ ប្រមាណ១៥ពាន់លាន សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិឡើងជិត១៤លានលានរៀល ហើយអ្នកឯងយកទៅគិតចុះ១លានលានរៀលស្មើនឹង២៥០លានដុល្លារ យកទៅគិតទៅ។ ១ខែយើងចាយអស់តែ៣០០លានដុល្លារទេ តែប្រាក់ចំណូលរបស់យើងមានលើសពី ៤០០លានដុល្លារក្នុង១ខែ [....] នេះមិនមែនចាយអត់មាយាទេ ហើយសល់ក៏មិនមែនសល់ក្រដាសដែរ គឺជាសាច់ប្រាក់ពិតៗ»។
ពាក់ព័ន្ធចំណូលថវិកាជាតិសម្រាប់ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នឹងទទួលបានប្រមាណ៥០០លានដុល្លារ ដែលពីចំណូលពន្ធគយ ពន្ធដារ និងចំណូលមិនមែនសារពើពន្ធផ្សេងៗទៀត។
សម្តេចបានថ្លែងថា «គិតត្រឹមពីម្សិលមិញ [ថ្ងៃសៅរ៍ទី២៧ ខែកក្កដា] ចំណូលគយបានឡើងជាង២៥០លានដុល្លារទៅហើយ សល់៣ថ្ងៃទៀត អីចឹងក្នុងខែនេះ ចំណូលគយនឹងបាន២៨០លានដុល្លារ បូកជាមួយចំណូលថវិកាពន្ធដារ និងចំណូលមិនមែនសារពើពន្ធ ខែនេះយើងមានប្រាក់ចំណូល៥០០លានដុល្លារ»។
សម្តេចតេជោបញ្ជាក់ថា ក្នុង១ឆ្នាំកម្ពុជា ត្រូវមានថវិកាសម្រាប់ចំណាយផ្ទាល់ខ្លួនពី៧០០-៨០០លានដុល្លារ ក្នុងការស្ថាប និងជួលជុលផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងសាលារៀនជាដើម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ កម្ពុជានឹងសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា៧.១ភាគរយ ដែលជាអត្រាមួយដ៏ខ្ពស់៕