(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដើម្បីទប់ស្កាត់ និងធានាការពារឲ្យបានកុំឲ្យមានការរំលោភដីធ្លីនៅតំបន់ភ្នំ ក្នុងភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ការចេញសេចក្តីប្រកាសព័ត៌មានខាងលើនេះ ដោយសារតែមានការប្តឹងតវ៉ាពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិក្រដាស(ក), ភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ទៅលើលោកស្រី ចាន់ លាង ម្ចាស់អាជីវកម្មថ្មសំណង់ក្រុមហ៊ុន «សុខ សុខា» នៅតំបន់ភ្នំធំ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នាពេលកន្លងមក។
រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដូច្នេះ ដើម្បីទប់ស្កាត់ និងធានាការពារ ឲ្យបាននូវការរំលោភដីធ្លី នៅតំបន់ភ្នំនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនថា៖
*ទី១៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានគោលជំហរយ៉ាងមុតមាំ ក្នុងការអនុវត្តច្បាប់ រក្សាការពារធនធានធម្មជាតិ ដើម្បីប្រយោជន៍សាធារណៈ និងមិនអនុញ្ញាតឲ្យក្រុមហ៊ុន ឬអាជីវកម្មខុសច្បាប់ណាមួយ ធ្វើសកម្មភាពនោះឡើយ
*ទី២៖ រដ្ឋបាលស្រុកបាធាយ និងក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវទប់ស្កាត់ឲ្យបាននូវការទន្ទ្រានកាន់កាប់ និងអាស្រ័យផល ការទិញ-លក់ដីខុសច្បាប់ នៅតំបន់ភ្នំ ស្ថិតនៅក្នុងភូមិក្រដាស(ក), ភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ព្រមទាំងណែនាំដល់អាជ្ញាធរ ភូមិ ឃុំ ក្នុងការផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាននេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ
*ទី៣៖ បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ ហាមទៅទន្ទ្រានកាន់កាប់ និងអាស្រ័យផល ឬទិញ-លក់ ដីខុសច្បាប់ នៅតំបន់ភ្នំ ស្ថិតនៅក្នុងភូមិក្រដាស (ក), ភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងបញ្ឈប់នូវរាល់សកម្មភាពទាមទារតវ៉ានានា ដើម្បីកម្មសិទ្ធផ្ទាល់ខ្លួននៅតំបន់នោះជាដាច់ខាត ប្រសិនបើមានគ្រឿងចក្រឈូសឆាយ ដឹកជញ្ជូនដីនៅតំបន់នោះទៀត សូមរាយការណ៍មកអាជ្ញាធរស្រុកបាធាយជាបន្ទាន់៕
ចំពោះករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រី មន្ទីរស្ថាប័នពាក់ព័ន្ធចុះទៅបញ្ឈប់សកម្មភាពក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មយកថ្មភ្នំខុសច្បាប់ នៅភូមិក្រដាស់ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈវិញ។ តំណាងប្រជាពលរដ្ឋនៅភូមិក្រដាស់ លោក ជីវ ទិត្យ បានឲ្យដឹងថា ក្រុមហ៊ុន «សុខ សុខា» បានធ្វើសកម្មភាពយកថ្មភ្នំគោ ដោយគ្មានច្បាប់ចេញពីក្រសួងរ៉ែ និងថាមពលឡើយ។
មន្រ្តីមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅតំបន់ភូមិក្រដាស និងភូមិផ្សេងទៀត ស្ថិតនៅក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ជាតំបន់ទឹកលិច ហើយចំណុចភ្នំគោ ដែលក្រុមហ៊ុន «សុខ សុខា» កំពុងធ្វើអាជីវកម្មអត់ច្បាប់យកថ្មភ្នំ គឺជាតំបន់ទីទួលសុវត្ថិភាព ដែលប្រជាពលរដ្ឋនៅតំបន់នេះ មករស់នៅបណ្ដោះអាសន្ន នៅពេលមានទឹកជំនន់ជន់លិចភូមិម្តងៗ។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម៖