(ភ្នំពេញ)៖ ក្រុមហុ៑នអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ «JC (Cambodia) International Airlines» នឹងបើកសម្ភោធជាផ្លូវការ នូវជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងយ៉ាងហ្គូន ហើយរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
នេះគឺជាជើងហោះហើរអន្តរជាតិ ហោះត្រង់រវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ហើយក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ែរឡាញ ទើបទទួលជោគជ័យសម្ភោធនៅជើងហោះហើរ ពីភ្នំពេញ- ម៉ាកាវ ប្រទេសចិន-ម៉េនដាឡាយ៍ ។ ប្រទេសទាំង២ មីយ៉ាន់ម៉ា និងកម្ពុជា គឺជាសមាជិកដ៏សំខាន់នៅក្នុងចំណោមប្រទេសអាស៊ាន។ នាពេលកន្លងមក ប្រទេសទាំងពីរទទួលបានភាពជោគជ័យ និងលទ្ធផលល្អជាច្រើនក្នុងវិស័យទំនាក់ទំនងនយោបាយ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរផ្នែកមនុស្សធម៌ ហើយទំនាក់ទំនងនេះក៏កំពុងវិវឌ្ឍន៍ទៅក្នុងស្ថានភាពល្អផងដែរ។
ជើងហោះហើរថ្មីនេះ វានឹងផ្តល់ជាគំរូល្អសម្រាប់ការបង្កើតទំនាក់ទំនងទ្វេភាគី និងពហុភាគី ក្នុងចំណោមប្រទេសមកពីអាស៊ីអាគ្នេយ៍។ ដោយសារការមានស្ថេរភាពនៃឆាកនយោបាយ និងទំនាក់ទំនងល្អរវាងគ្នានិងគ្នា ក៏ជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ ទាំងរាជធានីភ្នំពេញ និងទីក្រុងយ៉ាងហ្គូន គឺជាទីក្រុង ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ស៊ីជម្រៅដូចគ្នា។
ស្ថិតក្រោមកក្តាបែបនេះហើយ ទើបក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ សម្រេចចិត្តបើកដំណើរការនៅជើងហោះហើរនេះ។ ការពង្រឹងក្នុងការធ្វើសមាហរណកម្ម ធនធានទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការអនុវត្តជាក់ស្តែងរវាងតំបន់ទាំងពីរ។ ដូច្នេះហើយទើបក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ ក៏នឹងផ្តល់ជូនសេវាកម្មល្អបំផុតសម្រាប់អ្នកដំណើរទាំងអស់ ដែលនៅលើយន្តហោះប្រកបដោយវិជ្ជាជីវៈនិងអាកប្បកិរិយាល្អបំផុត។
ដើម្បីទទួលបានតារាងជើងហោះហើរ និងព័ត៌មានជាក់លាក់សូមចូលមើលនៅក្នុងគេហទំព័រផ្លូវការ www.jcairlines.com៕