(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីសុរិយោដី៣នាក់ នៅខេត្តពោធិ៍សាត់ ដោយសារតែមន្ត្រីទាំង៣នាក់នោះ បានប្រព្រឹត្តអំពើពុករលួយ ដោយជំរិតទារប្រាក់ ពីម្ចាស់សំណង់ចំនួន១០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់រោងចក្រ។
ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែរសម្តេច បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមជារដ្ឋាភិបាលប្រើប្រាស់អភិក្រមទី៥ «វះកាត់» ដែលស្ថិតនៅក្នុងចំណោមអភិក្រមទាំង៥ ដើម្បីអនុវត្តទៅលើមន្ត្រីខិលខូចទាំងឡាយណាដែល បានប្រព្រឹត្តខុសពីតួនាទីរបស់ខ្លួន ក្នុងនាមជាមន្ត្រីរាជការសាធារណៈ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅមន្ត្រីរូបណាក៏ដោយបើសិនប្រព្រឹត្តល្មើសនឹងច្បាប់ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយចាប់ខ្លួនមន្ត្រីទាំងអស់នោះភ្លាមៗតែម្តង។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឯអារឿងចាប់មន្ត្រី៣នាក់ ពីពោធិ៍សាត់នេះ រឿងវាអញ្ចេះ ត្រូវកសាងរោងចក្រ ខ្ញុំជាអ្នកទៅប្រកាសរោងចក្រកន្លែងហ្នឹង ក៏គេសុំសាងសង់វាទារលុយគេ ដំបូងត្រឹមតែ៥ម៉ឺនទេ វាយឺតការអាហ្នឹង ដល់ក្រោយមក ខ្ញុំធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ឱម យ៉ិនទៀង មើលស្រាវជ្រាវអាហ្នឹង តិចមើលគេឱ្យមន្ត្រីចូលទៅក្លែងបន្លំធ្វើជាអ្នកម្ចាស់ក្រុមហ៊ុន អានោះវាឡើងថ្លៃ១ទ្វេរជា២ ពី៥ម៉ឺន ទៅ១០ម៉ឺន»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា សម្រាប់ដំណើរការរហូតឈានទៅចាប់ខ្លួនមន្ត្រីទាំង៣នាក់ខាងលើនេះ គឺបន្ទាប់ពីមន្ត្រីនោះបានទារប្រាក់កក់ ៥០០០ដុល្លារនោះ មន្ត្រី ACU ដែលបន្លំខ្លួនជាភាគីក្រុមហ៊ុន ក៏បានកក់៥០០០ដុល្លារទៅតាមការចរចា បន្ទាប់មកមន្ត្រី ACU ក៏យកប្រាក់៤,៥០០០ដុល្លារទៀត ទៅកក់បន្ថែមឱ្យបាន៥០ភាគរយនៃប្រាក់ ដែលមន្ត្រីសុរិយោដីទាមទារ ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា អភិក្រមទាំង៥ គឺមិនត្រូវបានលើកលែងឱ្យមន្ត្រីខិលខូចណាម្នាក់ជាដាច់ខាត ហើយការអនុវត្តអភិក្រមទី៥នេះ គឺដើម្បីធ្វើយ៉ាងឱ្យមន្ត្រីរាជការទាំងអស់អនុវត្តភារកិច្ចរបស់ខ្លួន ទៅតាមច្បាប់។ សម្តេចបានហៅថា ការជំរិតទារប្រាក់ពីសំណាក់មន្ត្រី មកលើក្រុមហ៊ុនឯកជន ដើម្បីថ្នូរអនុញ្ញាតឱ្យសាងសង់រោងចក្រ គឺចេតនាបំផ្លិចបំផ្លាញជាតិ បំផ្លាញសមិទ្ធផលល្អ ដែលមន្ត្រីរាជរដ្ឋាភិបាលបានកសាងកន្លងមកយ៉ាងច្រើនផងដែរ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីពិនិត្យរកឃើញភស្តុតាងគ្រប់គ្រាន់ហើយមន្ត្រីទាំងនោះ មិនមែនត្រឹមតែដកតំណែងនោះទេ គឺស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យ ព្រមទាំងដកហូតទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលរកបានដោយអំពើពុករលួយខ្លួនកន្លងមក។ ដូច្នេះ ប្រតិបត្តិការទ្រុងទ្រាយធំនានា នៅតាមបណ្តាខេត្តរតនគិរី មណ្ឌលគិរី និងកន្លែមួយចំនួនទៀត នៅបញ្ហាព្រៃឈើ គឺត្រូវធ្វើយ៉ាងណាខិតខំចំពេញការងារទាំងអស់នេះ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីចាប់មន្ត្រិខិលខូចទាំងអស់នោះ មកកាត់ទោសតាមផ្លូវច្បាប់ឱ្យខានតែបាន។
សូមជម្រាបថា ប្រធាន, អនុប្រធាន និងមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ចំនួន៣រូប ដែលសង្ស័យប្រព្រឹត្តអំពើពុករលួយ ឃុបឃិតទារលុយពីម្ចាស់ដីដោយខុសច្បាប់ចំនួន១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់នោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ជាទីដែលមន្រ្តីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ។
មន្ត្រីមន្ទីរទទួលបន្ទុកដីធ្លីខេត្តពោធិ៍សាត់ ដែលត្រូវចាប់ខ្លួន៣នាក់រួមមាន៖
* ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
* ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរ ទទួលការងារសំណង់
* ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក៕