(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ករណីសំណង់ខុសច្បាប់នៅកម្ពុជាមួយចំនួន អាចជាប់ពាក់ព័ន្ធអំពើពុករលួយរបស់មន្ត្រីផ្តល់សេវា ដែលមិនព្រមចេញច្បាប់សាងសង់ ឬរកហេតុផលផ្សេងៗបង្កជាឧបសគ្គក្នុងការសុំច្បាប់សាងសង់ ជាហេតុនាំឱ្យម្ចាស់សំណង់បង្ខំចិត្តសាងសង់ទាំងមិនមានច្បាប់អនុញ្ញាត។

ផ្តើមចេញពីករណីរបស់ប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរសុរិយោដីនៅខេត្តពោធិ៍សាត់ ដែលបានទារលុយអ្នកវិនិយោគជាថ្នូរអនុញ្ញាតឱ្យបង្កើតរោងចក្រនោះ សម្តេចតេជោ ហ៊ុន សែន ឱ្យលោកឧបានយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្រាវជ្រាវ និងពិនិត្យមើលថា តើករណីសំណង់អត់ច្បាប់នេះ មានជាប់ពាក់ព័ន្ធទង្វើពុករលួយរបស់មន្ត្រីដែរឬយ៉ាងណា?

ក្នុងពិធីពិនិត្យការដ្ឋានសំណង់នៅពហុកីឡដ្ឋានមរតកតេជោ និងការតភ្ជាប់បេតុងកៅអីចុងក្រោយនៅកន្លែងប្រកួតបាល់ទាត់នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ឯកឧត្តម ជា សុផារ៉ា ត្រូវមើល។ បទពិសោធន៍ចេញពីចាប់មន្ត្រី៣នាក់នៅពោធិ៍សាត់ បានចង្អុលបង្ហាញឱ្យឃើញថា កន្លែងខ្លះសាងសង់អត់ច្បាប់ បណ្តាលមកពីមន្ត្រីមិនព្រមអនុម័តឱ្យគេ។ អ៊ីចឹងត្រូវពិនិត្យផងដែរ នៅពេលខាងមុខ។ ទៅស្រាវជ្រាវមើលកន្លែងអត់ច្បាប់ តើគេមានបានសុំច្បាប់យើងឬអត់? និងត្រូវពិនិត្យខ្លួនឯងផងដែរ អាសំណង់អត់ច្បាប់។ បើគេបានសុំច្បាប់យើង យើងមិនបានឆ្លើយឱ្យគេ ហើយគេបែរជាសាងសង់អាហ្នឹងមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបទៅគេ»

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «កន្លែងខ្លះសុំច្បាប់វារវល់ទារលុយ វាមិនព្រមធ្វើ វាកេកកុក ដល់អ៊ីចឹង ខ្លះគ្នាធ្វើផ្ទះ ចាំហ្អែងយូរពេក អញធ្វើ។ ជួនកាលវាមានករណីហ្នឹង ដែលបង្កើតឱ្យមានរឿងអត់ច្បាប់។ បើយើងពិនិត្យគេឱ្យលឿន ហើយផ្តល់ការអនុញ្ញាត កែសម្រួលប្លង់របស់គេយ៉ាងម៉េច អីយ៉ាងម៉េច ឱ្យបានច្បាស់»

ក្នុងពិធីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា អភិក្រមទី៥ ដែលសម្តេចបានដាក់ចេញ គឺអភិក្រម «វះកាត់» នឹងត្រូវអនុវត្តន៍ដោយគ្មានការលើកលែងនោះឡើយសម្រាប់មន្ត្រីរាជរដ្ឋាភិបាល។ សម្តេចតេជោ បានចាត់ទុកមន្ត្រីប្រព្រឹត្តអំពើពុករលួយជាអ្នកបំផ្លាញជាតិ បំផ្លាញរដ្ឋ និងធ្វើឱ្យខូចកិត្តិយស កេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ដែលសម្តេចប្រឹងប្រែងកសាងឡើង។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ សរុប៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយទារលុយពីអ្នកវិនិយោគជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់រោងចក្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យចាត់វិធានការលើមន្ត្រីពុករលួយនេះ មិនត្រឹមតែដកតំណែងនោះទេ ត្រូវពិនិត្យមើលលើទ្រព្យសម្បត្តិរបស់ពួកគេផងដែរ៕