(កណ្ដាល)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្លែ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងអ្នកបច្ចេកទេស ជាបន្តបន្ទាប់ចំពោះប្រទេសកម្ពុជា លើគ្រប់វិស័យជាប្រចាំ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនៈ។
លោកថា ជំនួយឥតសំណងជាង១០ម៉ឺនដុល្លារ សម្រាប់សាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ដែលត្រូវដាក់សម្ភោធឲ្យប្រើប្រាស់នាឱកាសនេះ គឺជាសក្ខីភាពមួយទៀត បង្ហាញឲ្យឃើញ យ៉ាងជាក់ស្តែង នូវសណ្តានចិត្តដ៏ឧត្តុង្គឧត្តម និងការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជាដែលកំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនលើសពីការរំពឹងទុក ក្នុងអត្រា ៧.៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
លោករដ្ឋមន្ដ្រីបន្ដថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាស ដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី «កសិករ ទៅជា កសិ-ពាណិជ្ជករ»។
លោក វេង សាខុន បានគូសបញ្ជាក់ថា ការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្ម ទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសេដ្ឋកិច្ចសង្គមជនបទកម្ពុជាផងដែរ។ មួយវិញទៀត ប្រជាជនកម្ពុជា ក៏បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារ ដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។
រីឯភ្ញៀវទេសចរវិញ ក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារ ដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។ ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញនូវសេចក្តីត្រូវការ នៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធ តាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី វេង សាខុន។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់ និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផល ដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។
ជាការឆ្លើយតប ក្រសួងបានដាក់ចេញនូវគោលការណ៍ និងដាក់ឲ្យប្រើប្រាស់នូវរូបសញ្ញាជាតិនៃការ អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់ នូវឯកសារស្តង់ដារកសិកម្មសរីរាង្គកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនមានជាអាទិ៍៖
ទី១៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជំរុញ និងលើក ទឹកចិត្តដល់ប្រជាកសិករ ក៏ដូចជាសហគមន៍កសិកម្ម ក្នុងការផលិតបន្លែសុវត្ថិភាព ដែលមានស្តង់ដារច្បាស់លាស់ដូចជា CamGAP ឬសរីរាង្គ និងធ្វើការសម្រប សម្រួលក្នុងការស្នើសុំចុះបញ្ជីទទួលស្គាល់ ជាកសិដ្ឋានអនុវត្តកសិកម្មល្អ ឬកសិកម្មសរីរាង្គ ដើម្បីអាចប្រើប្រាស់ស្លាកសញ្ញាស្តង់ដារ ច្បាស់លាស់លើផលិតផល ក្នុងការបង្កើនទំនុកចិត្តដល់អ្នកបរិភោគថាជាបន្លែដែលមានគុណភាព និងសុវត្ថិភាព។
ទី២៖ មន្ទីរពិសោធន៍ ក្រោមឱវាទក្រសួងទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ឲ្យបានពេញលេញក្នុងការវិភាគរកនូវសារធាតុបង្កផលប៉ះពាល់ ដល់សុខភាពគ្រប់ប្រភេទរួមមានទាំងសំណល់ថ្នាំកសិកម្ម លោហៈធ្ងន់ និងសំណល់ជីវសាស្ត្រជាដើម។ ត្រូវបន្តលើកកម្ពស់ការងារបណ្តុះបណ្តាល និង ផ្សព្វផ្សាយអំពីលក្ខខណ្ឌបច្ចេកទេស នៃការប្រើប្រាស់ជី-ថ្មាំកសិកម្មដល់ប្រជាកសិករ និងសហគមន៍កសិកម្មឲ្យបានខ្ជាប់ខ្ជួន ជៀសវាងការអនុវត្ត ខុសបច្ចេកទេសដែលបណ្ដាលឲ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។
ទី៣៖ ត្រូវជំរុញការអនុវត្តយន្តការ ផលិតកម្មតាមកិច្ចសន្យា ក៏ដូចជាជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងការពង្រឹងសហគមន៍កសិកម្ម ឲ្យប្រែក្លាយទៅជាកសិ-ធុរកិច្ច។
ទី៤៖ ត្រូវគិតគូរជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ក៏ដូចជាទីផ្សារកសិកម្មតាមលក្ខណៈឌីជីថល ឲ្យបានទូលំទូលាយដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្ម ទៅជាកសិកម្មបែបប្រពលវប្បកម្ម មានផលិតភាពខ្ពស់ និងផលិតសម្រាប់ធ្វើពាណិជ្ជកម្ម៕