(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីប្រទេសកម្ពុជា ប្រារព្ធសប្ដាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្ដាយ នៅកម្ពុជាឆ្នាំ២០១៩ ក្រោមប្រធានបទ «យើងទាំងអស់គ្នា គាំទ្រការបំបៅកូនដោយទឹកដោះម្ដាយ»

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយ ត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង១២០ នៅជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ នៃការបំបៅកូនដោយទឹកដោះម្ដាយ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងអត្រាស្លាប់របស់កុមារ។

សប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ត្រូវបានប្រារព្ធធ្វើឡើងជាសកល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ដោយឡែកនៅប្រទេសកម្ពុជា យើងនឹងប្រារព្ធចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែសីហា រៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ថ្នាក់ជាតិនា ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីធ្លាហាត់ប្រាណមាត់ស្ទឹងក្បែរ សណ្ឋាគាហ្គន (Grand Hotel) ក្នុងទីរួមខេត្ត សៀមរាបនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយចាប់ផ្តើមពីម៉ោង០៨៖០០ព្រឹក ដើម្បីអបអរសាទរជាផ្លូវការ នូវការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ៕