(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានថ្លែងថា ការបង្កើតសមាគមមិត្តភាពកម្ពុជា-វៀតណាមកាន់តែធ្វើឲ្យប្រទេសទាំងពីរ ប្រជាជនទាំងពីរ កសាងបាននូវសន្ដិភាព ការអភិវឌ្ឍ និងមិត្ដភាព សហប្រតិបត្ដិការកាន់តែស្អិតរមួ និងស៊ីជម្រៅថែមទៀត។
ការថ្លែងរបស់ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំរវាងសមាគមមិត្តភាពទាំងពីរកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក វូ ម៉ៅ(Vo Mao) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសហការីជាច្រើនរូបផងដែរ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងបូកសរុបលទ្ធផលការងាររបស់សមាគមមិត្តភាព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងរយៈពេល ៤ឆ្នាំកន្លងមកក្រោយពីការអនុវត្តអនុស្សារណៈយោគយល់ដែលចូលជាធរមាននៅចុងឆ្នាំ២០១៥។
លោកស្រី បានបញ្ជាក់ថា «ឆ្នាំនេះជាខួបលើកទី៥២ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម។ ក្នុងរយៈពេលកន្លងមក ប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ជាមិត្តស្និទ្ធស្នាល និង អ្នកជិតខាងល្អដែលធ្លាប់បានឆ្លងកាត់ការលំបាក និងការប្រឈមរួមគ្នាជាច្រើននៅក្នុងប្រវត្ដិសាស្រ្តជាច្រើន ដំណាក់កាលមកហើយ។ យើងបានកសាងចំណងសាមគ្គីភាព មិត្តភាព និង សហប្រតិបត្តិការជាប្រពៃណីរ យ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នាក្នុងនាមជាបងប្អូនផងជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផងដោយសម្រេចបានជោគជ័យយ៉ាងធំធេងក្នុង ការរំដោះប្រទេសជាតិចេញ ពីនឹមអាណានិគមបរទេសទទួលបាន ឯករាជ្យ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការពួតដៃគ្នាក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុង របបប្រល័យពូជសាសន៍ប៉ុលពត»។
លោកស្រីបានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែរំលឹកពីអនុស្សាវរីយ កាលពី៤២ឆ្នាំមុន ដែលសម្តេច និងមិត្តិរួមអាវុធ៤រូបទៀត បានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ និងប្រថុយជីវិតឆ្លងកាត់ឧបសគ្គ ធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំវៀតណាម រៀបចំកសាងកម្លាំងប្រដាប់អាវុធ ពង្រឹងចលនា តស៊ូរំដោះកម្ពុជាពីរបបយង់ឃ្នងប៉ុល ពត។ ព្រឹត្តការណ៍នោះ បាននាំមកនូវជោគជ័យដែលកម្ពុជាទទួលបានរហូតដល់បច្ចុប្បន្ន៕