(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលសាលាខេត្ដព្រះសីហនុ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីលោកស្រី ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ខេត្ត មន្ត្រីរាជការ និងសមាជិកសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ ជាប្រធានគណៈកម្មការធិការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ដែលមានសមាជិក ១៣នាក់ និងសមាជិកបម្រុង ០២នាក់។
លោក គួច ចំរើន ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទំនុកចិត្ត តែងតាំងទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាក បាទកម្ពុជាខេត្ត។
លោកបានប្តេជ្ញាចិត្តថា៖
*ទី១៖ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព
*ទី២៖ យកចិត្តទុកដាក់ ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌
*ទី៣៖ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកនូវការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់
*ទី៤៖ ដឹកនាំតម្រង់ទិសក្រុមប្រឹក្សាប្រតិបត្តិសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទ ក្រហមកម្ពុជាមានវិស័យស្នូល៤ ការគ្រប់ គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពសហគមន៍ និងលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
*ទី៥៖ អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អា ស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍
*ទី៦៖ អភិវឌ្ឍស្ថាប័នធនធាន ក្នុងការកៀរគរមូលនិធិពីសប្បុរជន ដើម្បីបម្រើការងារមនុស្សធម៌ និងការណែនាំអនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ ស្រប តាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា
*ទី៧៖ ពង្រឹងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូលដ្ឋានគ្រឹះស្ថានសិក្សាការងារមនុស្សធម៌
*ទី៨៖ ពង្រឹង ពង្រីកសកម្មភាពយុវជនកាកបាទក្រហមនៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌
*ទី៩៖ ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានា ដែលបង្កដោយគ្រោះធម្មជាតិ ត្រៀមជួយអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ កើតឡើងទាន់ពេលវេលា។
លោកស្រី ពុំ ចាន្ទីនី បានពាំនាំប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងអាណត្តិចាស់ ដែលខិតខំសម្រេចបាននូវសមិទ្ធិផលធំធេង។
លោកស្រី ក៏បានពាំនាំអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានខ្លឹមសារថា ការរៀបចំសមាសភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា២៥ រាជធានី ខេត្ត ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេចរបស់គណៈកម្មាធិការសាខា ប៉ុន្តែត្រូវមានការចូលរួមពិគ្រោះ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ នឹងសេចក្តីត្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឱ្យកាន់តែច្រើនជាងមុន ធ្វើឲ្យបានល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានឆ្ងាយជាងមុន៕