(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា បទបញ្ជាផ្ទែក្នុង ជាខ្លឹមសារមួយដែលអង្គភាពសាម៉ី ត្រូវត្រួតពិនិត្យ និងអនុវត្តតាមខ្លឹមសារ នៃបទបញ្ជាទាំងអស់គ្នា ទាំងប្រធាន និងសមាជិកក្រុមប្រឹក្សា ទាំងគណៈអភិបាល ក៏ដូចជា មន្ត្រីពាក់ព័ន្ធដែលមានមុខនៅក្នុងអង្គប្រជុំ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខណ្ឌ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីលោក ថេង សុថុល ជាអភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
កិច្ចប្រជុំបានលើករបៀបវារៈចំនួន៤ មកធ្វើការពិនិត្យ និងអនុម័តក្នុងនោះរបៀបវារៈទី២ គឺបទបញ្ជាផ្ទែក្នុងរបស់ក្រុមប្រឹក្សាខណ្ឌចំការមន ដែលមាន ១១ជំពូក និង៥៣ប្រការផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌចំការមន បានប្រជុំអនុម័តសំរេចបទបញ្ជាផ្ទែក្នុងរបស់ខ្លួន សំរាប់អណត្តិទី៣ គោលបំណងយល់ដឹងអំពីសិទ្ធិអំណាច តួនាទី ភារកិច្ចនិងវិន័យ របស់ប្រធាន និងសមាជិកក្រុមប្រឹក្សា ព្រមទាំងគណៈអភិបាល និងនាយករដ្ឋបាលខណ្ឌផងដែរ សំដៅរពង្រឹងការអនុវត្តឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍរបស់រដ្ឋបាលខណ្ឌស្របតាម គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
របៀបវារៈចំនួន៤ ដែលក្រុមប្រឹក្សាខណ្ឌចំការមន លើកមកប្រជុំដើម្បីពិនិត្យនិងអនុម័តរួមមាន៖
*ទី១៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សខណ្ឌចំការមន
*ទី២៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងដីកាស្ដីពី បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣
*ទី៣៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ រាប់ចាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣
*ទី៤៖ បញ្ហាផ្សេងៗ៕