(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ដែលគិតចាប់ពីខែ មករា ដល់ខែមិថុនា មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានផ្ដល់ពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋ ២១៩,២៤០នាក់ ដោយទទួលពិគ្រោះជំងឺក្រៅ ចំនួន ១៩៨,៤៣២នាក់ និងទទួលអ្នកជំងឺដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២០,៨០៨នាក់។
តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ៦ខែដើមឆ្នាំ២០១៩ របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទទួលអ្នកជំងឺដែលមកពិគ្រោះជំងឺក្រៅ ក្នុងមួយថ្ងៃចំនួនប្រមាណ ១,១០២នាក់ ដោយមានក្រុមការងារជំនាញគ្រប់ផ្នែករង់ចាំទទួលផ្ដល់ជូនសេវាសុខភាព គ្រប់ស្ថានភាពជំងឺ និងទទួលអ្នកជំងឺសម្រាកជាមធ្យមប្រមាណ ៨៤០ ទៅ៩០០នាក់ក្នុងមួយថ្ងៃ។
ក្នុងនោះចំនួនករណីជំងឺសរុបសម្រាកពេទ្យ៦ខែ ដើមឆ្នាំ២០១៩ មន្ទីរពេទ្យសង្កេតឃើញថា ករណីគ្រោះថ្នាក់ ដោយរបួស និងគ្រោះចរាចរណ៍នៅតែនាំមុខពោល ចំនួន១,៦៧០ករណី។ ចំណែកជំងឺមិនឆ្លងឃើញថា ជំងឺ បេះដូងមានចំនួន ១៥៣ករណី, ជំងឺខួរក្បាល និងសរសៃឈាមខួរក្បាល ចំនួន៥២២ករណី។
សូមជម្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យជាតិនាំមុខមួយនៅកម្ពុជា ដែលទទួលផ្តល់សេវាថែទាំ៧/៧ថ្ងៃ និង២៤/២៤ម៉ោងជារៀងរាល់ថ្ងៃ ដល់គ្រប់អ្នកជំងឺទាំងក្នុង និងក្រៅប្រទេស ខណៈដែលមន្ទីរពេទ្យមានគ្រែសម្រាក ចំនួន៦០០គ្រែ៕