(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍អះអាងថា សម្តេចទើបនឹងសម្រេចផ្តល់ថវិកាជិត៤០លានដុល្លារបន្ថែមទៀត លើជំនួយរបស់ចិនដែលបានជួយឧបត្ថម្ភលើវិស័យយោធារបស់់កម្ពុជានាពេលកន្លងមក ដើម្បីទិញសព្វាវុធពីចិន យកមកពង្រឹងសមត្ថភាពកងទ័ពរបស់កម្ពុជា។

ប្រកាសប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «អាវុធដែលបញ្ជាទិញទាំងនោះបានជិតមកដល់កម្ពុជាហើយ។ ថវិកាទិញសព្វាវុធថ្មីជិត៤០លានដុល្លារអាមេរិកនេះ គឺបន្ថែមលើទឹកប្រាក់ជំនួយពីចិន ដែលបានជួយលើវិស័យយោធាកម្ពុជានាពេលកន្លងមក»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំមានខ្លាចអី មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ ឃើញក៏ឃើញទៅ វាមានស្អី ប្រទេសណាគ្មានកាំភ្លើងនៅលើលោកនេះតើប្រទេសណាអត់កាំភ្លើង?»។ «កាំភ្លើងនៅកម្ពុជាវាចាស់ៗបន្តិចហើយ អញ្ចឹងខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមថែមទៀត យកមកស្តុកទុកបំពាក់ ដោះអាចាស់បញ្ចេញអាថ្មី យកអាចាស់មកជួសជុល តើប្រទេសមួយអត់កាំភ្លើងយ៉ាងម៉េច»