(ភ្នំពេញ)៖ បុរសម្នាក់បើកម៉ូតូបញ្ច្រាស់ផ្លូវលឿន ទៅបុកម៉ូតូមួយគ្រឿងចំពេញមួយទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗម្នាក់ នៅនឹងកន្លែង រីឯ២នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅចំណុចមុខ (ហាងសាច់អាំង១៦៨) តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពរងគ្រោះ (ស្លាប់) ឈ្មោះ អាន លឹមអេន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត បច្ចុប្បន្នស្នាក់នៅម្តុំទួលសង្កែ និងមានស្រុកកំណើតនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9228 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ផ្លូវចរាចរណ៍ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងមួយទៀតម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1FP-4369 ជិះដោយបុរសម្នាក់ក្នុងទិសដៅ ពីលិចទៅកើតចំពេញមួយទំហឹងបណ្តាលបុរសជិះម៉ូតូ HONDA DREAM ឆ្នាំ២០១៦ បោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ ចំណែកឯយុវជន២នាក់ផ្សេងទៀត ដែលបើកម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗនៅ ឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕