(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។

ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូប នៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលនឹងបង្ហាញឲ្យឃើញកាន់តែអស្ចារ្យនូវពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ទទួលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។

ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី១០០លាន ទៅ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។

បច្ចុប្បន្នការសាងសង់ពហុកីឡដ្ឋាននេះ ស្ថិតក្នុងដំណើការសាងសង់ដំណាក់កាលទី២ គឺការសាងសង់ពហុកីឡដ្ឋានធំ ប្រើសម្រាប់ជាទីលានប្រកួតបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្តពលកម្ម។ ពហុកីឡដ្ឋាននេះសាងសង់ឡើងលើផ្ទៃដីទំហំជាង ១៦ហិកតា អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។

ក្នុងពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។

ការសាងសង់ដំណាក់កាលទី២ ក៏ជិតនឹងបញ្ចប់ហើយផងដែរ ដោយគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២០។

ដោយឡែកការសាសង់ដំណាក់កាលទី១ រួមមានមណ្ឌលកីឡាហែលទឹកអន្ដរជាតិ, មណ្ឌលកីឡាក្នុងសាល, អាគារស្នាក់នៅកីឡា, តារាងបាល់ទាត់សម្រាប់កម្ដៅសាច់ដុំ, តារាបាល់ទះ, តារាងបាល់បោះ, តារាងកីឡាវាយកូនបាល់ និងសាលហាត់កីឡាប្រយុទ្ធ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ តាំងពីខែមេសា ឆ្នាំ២០១៧។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium៕