⁣⁣(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃចាកចេញពីកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋតួកគី។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក SULEYMAN SOLU រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី។

ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះដែរ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយ លោក SULEYMAN SOLU រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋតួកគី និងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។

ក្រៅពីជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគី សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅតាមបណ្ដា អង្គភាពអនុវត្តច្បាប់ដែលស្ថិតក្រោមចំណុះក្រសួងមហាផ្ទៃនៃសាធារណរដ្ឋតួកគីផងដែរ៕