(ភ្នំពេញ)៖ លោក ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់យុវជនណា ដែលដាំដំណាំនៅជុំវិញផ្ទះបានល្អជាងគេ នារដូវវស្សានេះ។
តាមរយៈ Facebook របស់ខ្លួន, មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមយុវជនស្រុកក្រឡាញ់ ប្រឡងប្រណាំង ដាំដំណាំកំដរឆ្នាំក្នុងរដូវវស្សានេះ។ ក្នុងរដូវវស្សានេះ ផ្ទះ ឬភូមិ យុវជនរូបណា ដាំដំណាំកំដរឆ្នាំងបានល្អជាងគេ និងទទួលបាន smart phone OPPO ១គ្រឿងពីខ្ញុំ»។
លោក ជា ច័ន្ទបរិបូណ៍ ក៏បានបង្ហោះសារនៅលើ Facebook របស់លោកដដែល ដោយភ្ជាប់ពីរូបភាពទិដ្ឋភាព នៃប្រព័ន្ធធារាសាស្ត្រ ដែលត្រូវបានស្តារឡើងវិញក្រោម គម្រោងការបញ្ច្រាបការប្រែប្រួូលអាកាសធាតុ នៅថ្នាក់ក្រោមជាតិគាំទ្រដោយ Global Environment Facility ស្រុក្រឡាញ់ខេត្តសៀមរាប។ លោកបានបញ្ជាក់បន្ថែមថា ក្រៅអំពីបានទឹកធ្វើស្រែ គេអាចប្រែក្លាយទីនេះ ទៅជាតំបន់ទេសចរណ៍បាន។
លោកបន្តថា «ខ្ញុំស្នើរសុំឱ្យយើងទាំងអស់គ្នា ដាំដុះដំណាំក្បែរផ្ទះសម្រាប់កំដរឆ្នាំង ដើម្បីសុខភាព សន្សំថវិកា និងថ្ងៃខាងមុខ យើងអាចរៀបចំឱ្យស្រុក្រក្រឡាញ់យើងក្លាយជាស្រុក ដែលទទួលទេសចរណ៍ លំហែរកាយតាមបែបប្រពៃណី (home stay)។ ដូច្នេះសូម អស់លោក លោកស្រី ប្អូនៗយុវជនទាំងអស់ ចាប់ផ្តើមមុនប្រជាជនមូលដ្ឋាន»៕